កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា គណបក្សកាន់អំណាចរបស់កូរ៉េខាងជើងនឹងបើកកិច្ចប្រជុំកម្រិតខ្ពស់មួយនៅក្នុងខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន។ ប្រទេសមហាអំណាចនុយក្លេអ៊ែរដែលមានសេដ្ឋកិច្ចផុយស្រួយនេះ កន្លងមកត្រូវបានមជ្ឈដ្ឋាននានាធ្វើការរិះគន់លើរដ្ឋាភិបាល ចំពោះការចំណាយខ្លាំងលើសលុបទៅលើយោធា និងកម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែទុកឱ្យប្រជាជនជួបប្រទះនូវទុក្ខលំបាក និងការខ្វះខាតខ្លាំងទៅលើផ្នែកជីវភាពរស់នៅ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) រាយការណ៍ថា កិច្ចប្រជុំនាពេលខាងមុខនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPK) នឹងវាយតម្លៃពីរបៀបដែលផែនការសេដ្ឋកិច្ចជាតិត្រូវបានអនុវត្តនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣។ KCNA បានបន្ថែមថា កិច្ចប្រជុំនេះក៏នឹងពិភាក្សាអំពីបញ្ហាគោលនយោបាយដ៏មានសារៈសំខាន់នៅក្នុងការអភិវឌ្ឍនៃបដិវត្តន៍របស់កូរ៉េខាងជើង។ យ៉ាងណាក្ដី KCNA មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំនេះរួមទាំងកាលបរិច្ឆេទជាក់លាក់នៅឡើយទេ។
កូរ៉េខាងជើងបានដាក់ការទប់ស្កាត់យ៉ាងតឹងរ៉ឹងកាលពីដើមឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ហើយទើបតែបានបន្តកិច្ចការងារពាណិជ្ជកម្មមួយចំនួនឡើងវិញប៉ុណ្ណោះជាមួយប្រទេសចិនកាលពីឆ្នាំ២០២២។ គួររំឮកថា គណបក្សពលករកូរ៉េ ក៏បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់របស់គណបក្សនៅក្នុងខែកុម្ភៈ ដើម្បីដោះស្រាយបញ្ហាកង្វះស្បៀងអាហារ និងបញ្ហាកសិកម្មជាពិសេស។ នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jung Un បានជំរុញមន្ត្រីរបស់លោកឱ្យធានាថាគោលដៅផលិតកម្មគ្រាប់ធញ្ញជាតិត្រូវបានសម្រេច "ដោយមិនបរាជ័យ"។
ប្រទេសកូរ៉េខាងជើងបានរងគ្រោះទុរ្ភិក្សជាប្រចាំ ដែលមួយក្នុងចំណោមនោះបានសម្លាប់មនុស្សរាប់សែននាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ការប៉ាន់ប្រមាណមួយចំនួននៃការស្លាប់ដោយសារគ្រោះទុរ្ភិក្សនៅប្រទេសកូរ៉េខាងជើងនោះបានកើនឡើងដល់ចំនួនមនុស្សរាប់លាននាក់។ ប៉ុន្តែបើទោះបីជាមានស្ថានភាពសេដ្ឋកិច្ចលំបាកក៏ដោយ ក៏កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធដ៏ទៃទៀតជាច្រើនក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងដោយឥន្ធនៈរឹងដំបូងរបស់ខ្លួន ដែលជារបកគំហើញបច្ចេកវិទ្យាដ៏សំខាន់មួយ។
ទីក្រុងតូក្យូបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនបានទទួលការជូនដំណឹងមួយដោយទីក្រុងព្យុងយ៉ាងអំពីផែនការបាញ់បង្ហោះផ្កាយរណបនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ទោះបីជារដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួនជឿថានោះគឺជាមីស៊ីលផ្លោងជាជាងផ្កាយរណប។ យ៉ាងណាមិញ ការជូនដំណឹងនេះមិនបានបញ្ជាក់ពីប្រភេទនៃផ្កាយរណបដែលនឹងត្រូវបាញ់បង្ហោះនោះទេ។ ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីខែមេសាថា ខ្លួនបានបញ្ចប់ការសាងសង់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួន ហើយលោក Kim Jung Un ក៏បានផ្តល់ការអនុញ្ញាតសម្រាប់ការបាញ់បង្ហោះផ្កាយរណបនេះផងដែរ៕