
ស.ស.យ.ក. ប្រគល់ថវិកាបរិច្ចាគ ៥០០លានរៀលក្រោមកម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក" ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រគល់ថវិកាបរិច្ចាគ ៥០លានរៀលក្រោមកម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក" នៃយុទ្ធនាការ Beyond The Games ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ពិធីប្រគល់ថវិការបរិច្ចាកនេះបានធ្វើឡើងដោយមានការចូលរួមពីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី និងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា ក៏ដូចជាប្រធានប្រតិបត្តិយុទ្ធនាការ Beyond The Games លោក សុខ សប្បាយណា រួមទាំងដៃគូបរិច្ចាគ ក្រុមហ៊ុនឯកជនដែលជាដៃគូគាំទ្រ អត្តពលិក តំណាងគ្រឹះស្ថានសិក្សា និងអ្នកសារព័ត៌មានជាច្រើនរូប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ថ្វីត្បិតតែទំហំថវិកាដែលទទួលបាននេះអាចនិយាយបានថាវាមានចំនួនតិច ឬអាចនិយាយបានថាមានចំនួន ច្រើនយ៉ាងណាក៏ដោយ បើធៀបនឹងការលះបង់ប្រឹងប្រែង ហ្វឹកហាត់របស់អត្តពលិកគ្រប់រូប ក៏ប៉ុន្តែការបរិច្ចាគ នេះបានបង្ហាញអំពីក្តីស្រលាញ់ ការផ្ដល់កម្លាំងចិត្ត និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនខ្មែរ ដើម្បី អត្តពលិកកម្ពុជា»។
លោកបានឱ្យដឹងទៀតថា ការចូលរួមយុទ្ធនាការនេះជាការបង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដើម្បីគាំទ្រដល់កីឡាករ កីឡាការិនី តាមរយៈសកម្មភាពជាក់ស្ដែង ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថា ប្រទេសកម្ពុជាតូច តែបេះដូងរបស់ប្រជាជនកម្ពុជាធំ។
លោកបានមានប្រសាសន៍ជូនពរទៅកាន់អត្តពលិកដែលនឹងត្រៀមខ្លួនចូល ប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលឆាប់ៗខាងមុខនេះ ដោយលើកឡើងថា ឈ្នះចាញ់គឺជារឿងធម្មតា តែគួររក្សាស្មារតីចេះជួយយកអាសារគ្នាទៅវិញទៅមក ក្នុងនាមយើងជាម្ចាស់ផ្ទះ។
លោក ហ៊ុន ម៉ានី បន្ថែមថា៖ «នៅពេលបងប្អូនអត្តពលិកចូលរួមប្រកួត ប្រជាជនខ្មែរនឹងនៅជាមួយជានិច្ច ហើយទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរនៅតែគាំទ្រជានិច្ច»៕