បន្ទាយមានជ័យ៖ មនុស្ស ២នាក់ រងរបួសធ្ងន់ ម្នាក់ជាពលរដ្ឋថៃ និងម្នាក់ជាទាហានខ្មែរករណីផ្ទុះមីនកក្រើកព្រៃ នៅព្រំដែនកម្ពុជា-ថៃ កាលវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចចន្លោះ បង្គោលសីម៉ាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រ ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ (ប្រទេសថៃ ) ។
នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា មុនកើតហេតុមានពលរដ្ឋថៃ ១នាក់ឈ្មោះ សំរឹទ្ធ រ៉ៃរឿន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កំពុងដើរបេះបន្លែក្នុងព្រៃ នៅត្រង់ចំណុចចន្លោះ បង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បានជាន់មីនបណ្តាលឱ្យផ្ទុះ រងរបួសធ្ងន់ ដាច់ជើងឆ្វេង និងរបួសលើផ្ទៃមុខ។
នគរបាលការពារព្រំដែនឱ្យដឹងទៀតថា ក្រោយលឺសូរសម្លេងមីនផ្ទុះភ្លាមៗនោះ កម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីន (កម្ពុជា) និងកម្លាំងទាហានឈុតខ្មៅថៃ កងរយ ១២០៣ ដែលឈរជើងនៅទល់មុខនោះ រាវមីនដើម្បីចូលទៅជួយសង្គ្រោះជនរងគ្រោះ នៅពេលកម្លាំង រាវមីនផងកាប់ឆ្ការត្រួសត្រាយព្រៃផងនោះ ស្រាប់តែឈ្មោះ សេង ឆន ភេទប្រុស អាយុ ៤០ឆ្នាំ ជាមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ បានកាប់ត្រូវគ្រាប់មីនបណ្តាលឱ្យផ្ទុះ ១គ្រាប់ទៀត ត្រូវរងរបួសដៃខាងស្តាំ និងភ្នែកយ៉ាងធ្ងន់ធ្ងរ ត្រូវបានកម្លាំង ជួយបញ្ជូនយោធាខាងលើទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក និងបន្តបញ្ជូនទៅមន្ទីរពេទ្យ ភូមិភាគ៥ ពពីរ នៅខេត្តបាត់ដំបង។
នគរបាលបានបញ្ជាក់ថា ៖ ចំណែកពលរដ្ឋថៃនោះរហូតដល់ម៉ោង២:២៥នាទីរសៀលថ្ងៃទី២៧ ខែឧសភា ទើបអាចជួយសង្រ្គោះបាន ហើយត្រូវបានទាហានថៃដឹកយកទៅសង្រ្គោះ៕