ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា តបតាមការសូមយាងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា លោកស្រី ដៅផាឌី មួរមូ (Droupadi Murmu) ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ន ការបង្កើតទំនាក់ទំនងការទូត។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរ អង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព ដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។
ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ ប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌា លោកស្រី ដៅផាឌី មួរ ប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌា និង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុ ភាគី នឹងត្រូវលើកយកមកពិភាក្សា។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនអនុប្រធានាធិបតី លោក ប៉ាកឌីប ដាន់ខា (Jagdeep Dhankhar) និង រដ្ឋមន្ត្រីការបរទេស ចូលក្រាបបង្គំគាល់ និងសវនាការ។លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សាន (Subrahmanyam Jaishankar)។
នាឱកាសបំពេញព្រះរាជទស្សនកិច្ចនោះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ក៏នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ផងដែរ។
គួរឱ្យដឹងដែរថា ព្រះមហាក្សត្រនៃកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣៕