សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ចិនដាក់ដំណើរការយន្តហោះដឹកអ្នកដំណើរដែលផលិតនៅក្នុងស្រុកដំបូងបង្អស់របស់ខ្លួន

ចិន៖ យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន C919 បានធ្វើការហោះហើរក្នុងលក្ខណៈពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍របស់ចិន ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសលោកខាងលិចលើទីផ្សារផ្នែកអាកាស។ 

ទីក្រុងប៉េកាំងសង្ឃឹមថា យន្តហោះពាណិជ្ជកម្ម C919 នឹងអាចប្រកួតប្រជែងជាមួយយន្តហោះបរទេសផ្សេងៗបានដូចជា Boeing 737 MAX និង Airbus A320 ជាដើម បើទោះជាផ្នែកខ្លះនៃគ្រឿងបង្គុំរបស់យន្តហោះប្រភេទ C919 នេះមានប្រភពនាំចូលពីក្រៅប្រទេសនៅឡើយក៏ដោយ។ ប្រទេសចិនរំពឹងថា យន្តហោះផលិតក្នុងស្រុកដំបូងរបស់ខ្លួនដែលអាចមានសក្តានុពលផ្នែកពាណិជ្ជកម្មគួរសមនេះ ក៏នឹងកាត់បន្ថយការពឹងផ្អែករបស់ចិនទៅលើបច្ចេកវិទ្យារបស់បរទេសផងដែរ ស្របពេលដែលទំនាក់ទំនងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះជាមួយលោកខាងលិចកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន។ 

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានចុះផ្សាយថា "នាពេលអនាគត អ្នកដំណើរភាគច្រើននឹងអាចជ្រើសរើសការធ្វើដំណើរតាមយន្តហោះខ្នាតធំ ដែលផលិតក្នុងស្រុក"។ បើយោងតាម CCTV ដដែលបានឱ្យដឹងថា ជើងហោះហើរ MU9191 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានទីក្រុងប៉េកាំង វេលាម៉ោងប្រហែល ១២ៈ៣០នាទីថ្ងៃត្រង់ ពោលគឺមុនកាលវិភាគដែលបានគ្រោងទុកប្រមាណជា ៤០នាទី។ 

វីដេអូមួយបានបង្ហាញពីវត្តមានអ្នកដំណើរចេញពីយន្តហោះចូលមកច្រកទ្វារអ្នកដំណើរមកដល់នៃអាកាសយានដ្ឋាន មុនពេលបុគ្គលិក និងមន្ត្រីអាកាសយានដ្ឋានមួយចំនួនបាននាំគ្នាថតរូបអនុស្សាវរីយ៍មុនសន្និសីទមួយចាប់ផ្តើម។ អ្នកដំណើរជាមនុស្សប្រុសម្នាក់បានប្រាប់មកកាន់សារព័ត៌៌មាន CCTV ថា៖ "ការហោះហើរពិតជារលូន មានផាសុកភាព និងមិនអាចបំភ្លេចបាន។ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ចងចាំ​រឿង​នេះ​ដោយ​ក្ដី​ស្រឡាញ់​សម្រាប់​ពេល​វេលា​អនាគត"។ ទូរទស្សន៍រដ្ឋក៏បានចាក់ផ្សាយវីដេអូនៃការហោះហើរនៃជើងហោះហើរនេះនៅឯអាកាសយានដ្ឋាន Shanghai Hongqiao ផងដែរ ដោយបានឱ្យដឹងថាជើងហោះហើរនេះមានផ្ទុកអ្នកដំណើរចំនួន ១៣០នាក់។ 

គួរឱ្យដឹងថា ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់យ៉ាង​ច្រើន​ក្នុង​ការ​ផលិត​យន្តហោះ​ដោយខ្លួនឯងនៅក្នុងស្រុក ក្នុងមហិច្ឆតាក្នុងការគ្រប់គ្រងបច្ចេកវិទ្យាសំខាន់ៗដោយខ្លួនឯង។ យន្តហោះប្រភេទ C919 នេះត្រូវបានផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋនៃប្រទេសចិន (COMAC) ប៉ុន្តែផ្នែកជាច្រើននៃយន្តហោះនេះ រួមទាំងម៉ាស៊ីនផងដែរមានប្រភពនាំចូលមកពីបរទេស។ លោក Zhang Xiaoguang នាយកផ្នែកទីផ្សារ និងលក់របស់ COMAC បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ថា ជើងហោះហើរនេះគឺជា "ពិធីឈានចូលមកដល់នៃយន្តហោះថ្មី" ដោយលោកបន្ថែមថា C919 នឹងកាន់តែវិវត្តន៍ល្អប្រសើរជាងនេះបន្ថែមទៀតនៅពេលដែលចាប់ផ្តើមសាកល្បងការប្រឡូកចូលក្នុងទីផ្សារពិភពលោក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក