ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយគឺជាការអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញចេញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថាក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ ដែលមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដោយក្រុមប្រឹក្សាធម្មនុញ្ញ ឈរលើឧត្តមគតិច្បាប់ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ ។
ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថា ការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ដែលធានានូវការគោរពគោលការណ៍
ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងនោះគណបក្សនយោបាយទាំងអស់ ត្រូវបានផ្តល់ឱកាសនិងសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការអនុវត្តរដ្ឋធម្មនុញ្ញជិត ៣០ឆ្នាំកន្លងមក គ្រប់ស្ថាប័នជាតិនិងសមាសភាគសង្គមទូទៅ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សលើគន្លងនីតិរដ្ឋ បាននិងកំពុងចាក់ឫសក្នុងសង្គម ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ របស់ប្រទេសជាតិ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងសុខសន្តិភាព។
គួរឱ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញចេញ ក្រោយសេចក្តីថ្លែការណ៍របស់គណបក្សភ្លើងទៀនដែរ ដោយថាគណបក្សភ្លើងទៀន សម្តែងការសោកស្តាយចំពោះក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបដិសេធបណ្តឹង តវ៉ាការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត ខណៈ គណបក្សមហាសាមគ្គីជាតិខ្មែរ បានចេញសេចក្ដីប្រកាសព័ត៌មាន ទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕