វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់់នៅក្នុងឯកសារមួយដែលបានរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្រនាំចេញអង្កររបស់ខ្លួនថា វៀតណាមមានគោលបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួននៅត្រឹម ៤លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ពីការនាំចេញអង្កររបស់ខ្លួនបច្ចុប្បន្នដែលមានចំនួនដល់ ៧,១លានតោនក្នុងមួយឆ្នាំ។ គួរឱ្យដឹងថា វៀតណាមគឺជាប្រទេសធំជាងគេលំដាប់ទី៣ផ្នែកនាំចេញអង្ករនៅលើពិភពលោក នៅពីក្រោមប្រទេសឥណ្ឌា និងប្រទេសថៃ។
វិធានការនេះគឺសំដៅលើការជំរុញការនាំចេញអង្ករដែលមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមឯកសាររបស់រដ្ឋាភិបាលវៀតណាម ចុះថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ឯកសារនេះបានបង្ហាញថា ប្រាក់ចំណូលនាំចេញអង្ករនឹងធ្លាក់ចុះមកនៅត្រឹម ២,៦២ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ ខណៈឆ្នាំ២០២២កន្លងទៅប្រាក់ចំណូលបានមកពីការនាំចេញអង្កររបស់វៀតណាមមានទំហំដល់ទៅ ៣,៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
បើតាមពាណិជ្ជករខាងជួញដូរអង្ករនៅទីក្រុងហូជីមិញហាក់សម្តែងការមិនពេញចិត្តទៅលើយុទ្ធសាស្រ្តនេះឡើយ បើទោះបីជាគេក៏ទទួលស្គាល់ថាផ្ទៃដីដាំដុះនៅក្នុងប្រទេសវៀតណាមកំពុងបាត់បង់ដោយសារការលិចលង់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយកសិករបាននាំគ្នាងាកទៅដាំដំណាំផ្សេងទៀត និងខ្លះបានប្តូរទៅការចិញ្ចឹមបង្កងវិញជាដើម។ ឈ្មួញអង្ករក៏បាននិយាយថា កសិករមួយចំនួននៅតំបន់ដីសណ្ដទន្លេមេគង្គ កំពុងប្រែក្លាយផ្នែកខ្លះនៃដីស្រែរបស់ពួកគេទៅជាចំការផ្លែឈើ ដាំស្វាយ ក្រូចថ្លុង ខ្នុរ និងទុរេន ប៉ុន្តែភាគច្រើននៅតែពឹងផ្អែកលើដំណាំស្រូវដដែល។ ដោយឡែកក៏មាននូវនិន្នាការឆ្ពោះទៅរកការចិញ្ចឹមបង្គាវិញផងដែរទៅលើតំបន់ដែលធ្លាប់តែបង្កបង្កើនផលដំណាំស្រូវរាប់សិបឆ្នាំកន្លងមក ដោយសារតែដីនៅតាមតំបន់សណ្តទន្លេមេគង្គមួយចំនួនបានជន់លិចដោយទឹកប្រៃ ដែលបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុ។
វៀតណាមនឹងធ្វើពិពិធកម្មទីផ្សារនាំចេញអង្កររបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារនៃប្រទេសតែមួយ។ កន្លងមក ប្រទេសហ្វីលីពីនគឺជាប្រទេសទិញអង្ករដ៏ធំបំផុតរបស់វៀតណាមជាយូរមកហើយ ដែលស្មើនឹង ៤៥ភាគរយនៃការនាំចេញរបស់វៀតណាមកាលពីឆ្នាំមុន។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក្នុងកិច្ចប្រជុំថ្នាក់តំបន់ក្នុងប្រទេសឥណ្ឌូនេស៊ីនៅខែឧសភានេះថា វៀតណាមមានឆន្ទៈក្នុងការផ្គត់ផ្គង់អង្ករដល់ហ្វីលីពីនសម្រាប់រយៈពេលវែងក្នុងតម្លៃសមរម្យ។
ឯកសាររដ្ឋាភិបាលដដែលបានបញ្ជាក់ថា នៅឆ្នាំ២០២៥ ការនាំចេញអង្កររបស់វៀតណាម ៦០ភាគរយនឹងត្រូវដឹកជញ្ជូនទៅកាន់ទីផ្សារនៃប្រទេសក្នុងទ្វីបអាស៊ី ២២ភាគរយនឹងនាំទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ៧ភាគរយនឹងត្រូវនាំទៅកាន់សហរដ្ឋអាមេរិក ៤ភាគរយនឹងត្រូវនាំចេញទៅតំបន់មជ្ឈិមបូព៌ា និង ៣ភាគរយទៀតនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ សមាគមស្បៀងអាហារវៀតណាម ដែលតំណាងឱ្យអ្នកកែច្នៃអង្ករ និងអ្នកនាំចេញអង្ករ ពុំទាន់មានការអធិប្បាយណាមួយជុំវិញបញ្ហានេះនោះទេ។
ដោយឡែក រដ្ឋាភិបាលធ្លាប់បានបញ្ជាក់ថាវៀតណាមនឹងផ្តោតលើការផលិតអង្ករក្រអូប និងអង្ករដំណើបដែលមានគុណភាពខ្ពស់ ហើយនឹងកាត់បន្ថយការផលិតគ្រាប់ធញ្ញជាតិដែលមានគុណភាពទាបមកត្រឹម ១៥ភាគរយនៃទិន្នផលសរុបនៅឆ្នាំ២០២៥ និងកាត់បន្ថយឱ្យដល់ត្រឹម ១០ភាគរយនៅឆ្នាំ២០៣០៕