ប្រេស៊ីលនឹងប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមអាហ្វ្រិកចំនួនពីរ ដើម្បីបង្ហាញការប្រឆាំងនឹងការរើសអើងជាតិសាសន៍
អន្តរជាតិ៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិមកពីទ្វីបអាហ្វ្រិកចំនួន ២ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក៏ដូចជាការបង្ហាញការលើកទឹកចិត្តទៅកាន់កីឡាករ Vinicius Jr ដែលត្រូវបានទទួលរងនូវកាយវិការរើសអើងជាបន្តបន្ទាប់ក្នុងអាជីពរបស់ខ្លួននៅក្នុងក្របខណ្ឌ La Liga ប្រទេសអេស្ប៉ាញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសមាគមបាល់ទាត់ប្រេស៊ីល (CBF) នៅថ្ងៃសុក្រនេះ។
ប្រភពពីសមាគមបាល់ទាត់ប្រេស៊ីលដដែលបានឱ្យដឹងថា ប្រេស៊ីលនឹងមានជំនួបមិត្តភាពអន្តរជាតិជាមួយប្រទេសហ្គីណេ នៅថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ មុននឹងបន្តប្រកួតទល់នឹងក្រុមជម្រើសជាតិសេណេហ្គាល់ នៅថ្ងៃទី២០ ខែមិថុនា នាទីក្រុងលីស្សបន (Lisbon) ប្រទេសព័រទុយហ្គាល់។
សមាគមបាល់ទាត់ប្រេស៊ីលក៏បានចាប់ផ្តើមយុទ្ធនាការជាតិប្រឆាំងនឹងការរើសអើងជាតិសាសន៍ នៅក្នុងការប្រកួតលីកប្រេស៊ីលដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះ បន្ទាប់ពីមានការប្រមាថ និងរើសអើងជាតិសាសន៍ទៅលើកីឡាករ Vinicius Jr ក្នុងការប្រកួតទល់នឹងក្លិបបាល់ទាត់ Valancia កាលពីចុងសប្តាហ៍មុន ដែលជាករណីទី១០ របស់ក្លិប Real Madrid បានប្តឹងទៅកាន់ព្រះរាជអាជ្ញាអេស្ប៉ាញលើករណរើសអើងជាតិសាសន៍ទៅលើកីឡាករ Vinicius Jr ក្នុងរដូវកាលនេះ។
ជាមួយនឹងពាក្យស្លោកថា "គ្មានការប្រកួតជាមួយនឹងការរើសអើងជាតិសាសន៍" (There is no game with racism) សមាគមបាល់ទាត់ប្រេស៊ីលមានគោលបំណងបន្តការប្រយុទ្ធនឹងការរើសអើងជាតិសាសន៍ ក្រោមការគាំទ្រយ៉៉ាងពេញទំហឹងដោយប្រធានសមាគមបាល់ទាត់់ថ្មី លោក Ednaldo Rodrigues ដែលបានជំរុញឱ្យមានការផ្លាស់ប្តូរច្បាប់ដែលមើលឃើញថាអាជ្ញាធរបាល់ទាត់ និងប្រព័ន្ធយុត្តិធម៌ប្រេស៊ីលអនុវត្តការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុងកីឡដ្ឋានអំឡុងការប្រកួត។ លោក Ednaldo Rodrigues ថ្លែងថា យើងចង់ឱ្យប្រេស៊ីលនាំមុខគេក្នុងយុទ្ធនាការនៃការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទូទាំងពិភពលោក។
ដោយឡែក ពាក់ព័ន្ធនឹងក្រុមជម្រើសជាតិប្រេស៊ីលវិញ ក្រោយការចាកចេញរបស់លោក Tite ការប្រកួតមិត្តភាពនាខែក្រោយនេះនឹងដឹកនាំបណ្តោះអាសន្នដោយលោក Ramon Menezes ដែលជាងអតីតគ្រូបង្វឹកយុវជនអាយុក្រោម ២០ឆ្នាំរបស់ប្រេស៊ីលផ្ទាល់ ខណៈប្រេស៊ីលបានបង្ហាញចំណាប់អារម្មណ៍លើការនាំយកគ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti ឱ្យមកដឹកនាំក្រុមជម្រើសជាតិផងដែរ៕