ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដល់កីឡាករមានពិការភាពទាំងអស់ឱ្យរក្សានូវសីលធម៌ គោរពនូវវិន័យនៃការប្រកួតព្រោះថាការចេញទៅប្រកួតរបស់ពួកគេគឺតំណាងនូវជាតិខ្មែរទាំងមូលតំណាងមនុស្ស ១៧លាននាក់។
ថ្លែងក្នុងជំនួបជាមួយកីឡាករមានពិការភាព រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនិងជាប្រធានប៉ារ៉ាអូឡាំពិកគឺទុកចិត្តលើកីឡាករ ទាំងអស់ថានឹងមិនធ្វើប្រទេសជាតិបាក់មុខនោះទេ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត។
សម្ដេចថា៖ «ខ្ញុំជឿជាក់លើកីឡាករដែលជាសមាជិករបស់ខ្ញុំ»។
គួរឱ្យដឹងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១ ៤២៣នាក់ និងមានប្រភេទកីឡាចំនួន១៤ ត្រូវនឹង ១៦០វិញ្ញាសា ដោយកីឡាករកីឡាការិនីកម្ពុជាចំនួន ៣១៧នាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ៕