ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្រុមប្រឆាំងនៅកម្ពុជាល្ងង់មិនចេះឆ្លៀតឱកាសដែលកម្ពុជាទទួលជោគជ័យក្នុងការរៀបចំស៊ីហ្គេមទទួលផលចំណេញលើខ្លួន។ សម្ដេចថាការចូលរួមអបអរនូវជោគជ័យរបស់ជាតិមិនមែនជាការខាតបង់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពប្រឆាំងរបស់ក្រុមប្រឆាំងនេះវាកាន់តែផ្ដល់ផលចំណេញដល់រដ្ឋាភិបាលកម្ពុជាទៅវិញទេ។
សម្ដេចថា៖ «គេមិនដែលអបអរសាទរគេខ្លាចថាអបអរសាទរទៅវានឹងឱ្យតម្លៃបក្សប្រជាជន»។
នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងបែបនេះក្នុងពេលដែលជួបជាមួយកីឡាករពិការភាពមុនការប្រកួតអាស៊ានប៉ារ៉ាហ្គេមខាងមុខ នៅវិមានសន្ដិភាព រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ៕