ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យគ.ជ.ប៖ ទោះសហរដ្ឋអាមេរិកមិនចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក៏ការបោះឆ្នោតនៅតែប្រព្រឹត្តិតាមការគ្រោងទុក

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា លើកឡើងថាបើទោះបីជាសហរដ្ឋអាមេរិកមិនបញ្ជូនមន្រ្តីចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក៏ដំណើតការបោះឆ្នោតនៅតែប្រព្រឹត្តិឡើងតាមការគ្រោងទុក។

លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ EAC News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ថាការចូលរួម ឬមិនចូលរួមជាអ្នកសង្កេតការដំណើរការបោះឆ្នោតនៅកម្ពុជាគឺជាសិទ្ធិ និងការសម្រេចចិត្តរបស់ប្រទេសនីមួយៗ ខណៈកម្ពុជារៀបចំដំណើរការបោះឆ្នោតកន្លងមកមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និង អន្តរជាតិ។

លោកថា៖ «ប្រសិនប្រទេសមួយ ឬ មួយចំនួនមិនបានចូលរួមសង្កេតការណ៍ក៍ការបោះឆ្នោតនឹងប្រព្រឹត្តិទៅតាមការគ្រោងទុក ហើយលទ្ធផលនៃការបោះឆ្នោតបញ្ហាសំខាន់ អាចទទួលយកបាន ឬមិនទទួលយកដោយគ្រប់ភាគីពាក់ព័ន្ធ និង គណបក្សនយោបាយ»។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា សេចក្តីថ្លែងការរបស់សហរដ្ឋអាមេរិក មិនធ្វើឱ្យប៉ះពាល់ដល់ប្រក្រតីភាពនៃការរីកចម្រើនរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ហើយគ.ជ.ប ទើបនឹងចាប់ផ្តើមជូនដំណឹងតាមរយៈក្រសួងការបរទេសពីការចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និង ជឿជាក់ថានឹងមានអ្នកសង្កេតការណ៍អន្តជាតិមកកម្ពុជាដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧នេះ។

គួរបញ្ចាក់ដែរថា អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយបញ្ជាក់ថាសហរដ្ឋអាមេរិក មិនមានគម្រោងបញ្ជូនមន្រ្តីខ្លួនមកសង្កេតការណ៍ការបោះឆ្នោតនៅខែកក្កដានោះទេ ដែលជាផ្នែកមួយនៃដំណើរការបោះឆ្នោត ក្រោយសហរដ្ឋអាមេរិកមានកង្វល់ខណៈមានការហាមប្រាមគណបក្សភ្លើងទៀន មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី១៥ ខែឧសភា បានបន្តបដិសេធបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដោយមូលហេតុគណបក្សនេះមិនបានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមច្បាប់បោះឆ្នោត។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលទាំងស្រុងនូវបណ្ដឹងរបស់គណបក្សភ្លើងទៀន។ ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធបណ្ដឹងរបស់ចុះថ្ងៃទី១៩ ខែឧសភា របស់គណបក្សនេះដែលបានប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គ.ជ.ប និងទាមទារឱ្យ គ.ជ.ប ទទួលចុះឈ្មោះបោះឆ្នោត បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយថាជាបណ្ដឹងដែលខុសនឹងគតិច្បាប់។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការវិភាគក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ចំនួនជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ថា អ្វីដែលគណបក្សប្រឆាំងចង់បាន គឺយកបរទេសមកគាបសង្កត់កម្ពុជា ដោយសម្ដេចតេជោមិនជឿថាគណបក្សប្រឆាំងបាត់ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនោះឡើយ។

សម្តេចថ្លែងថា៖ «សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿថាបាត់ទេ វានៅជាមួយអ្នកណាម្នាក់ ដែលជាមេដឹកនាំ គោលដៅរបស់គេដែលខ្ញុំវិភាគនៅកន្លែងនេះ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថាវាចាញ់ ប៉ុន្តែអ្វីដែលគេចង់បាន គឺគេចង់យកបរទេសមកគាបកម្ពុជា»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក