សៀមរាប៖ បុរសម្នាក់អាយុ ៧២ឆ្នាំដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរាប់សិបក្បាលមួយកន្លែងនៅក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ត្រូវបានក្រពើខាំសុះសាច់បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប លោក ម៉ី ស្សាវរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC news តាមទូរសព្ទថា ករណីដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៥ព្រឹកព្រលឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
លោកបញ្ជាក់ថា មុនដំបូង ជនរងគ្រោះបានដើរទៅហាត់ប្រាណ និងបានដើរទៅមើលក្រពើ ស្រាប់តែរអិលធ្លាក់ចូលក្នុងអាងចិញឹមក្រពើចំនួន៣០ ទៅ៤០ក្បាល ត្រូវក្រពើខាំយ៉ាងសុះសាច់ ខណៈភរិយាជនរងគ្រោះកំពុងដាក់បាតលោក។ លោកប្រាប់ថា៖ «ព្រះសង្ឃបានមកជួយទាញជនរងគ្រោះ ខណៈក្រពើកំពុងតែទាញទម្លាក់ចូលក្នុងអាង តែមិនអាចជួយទាន់ពេលវេលា»។
បើតាមនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ជនរងគ្រោះត្រូវក្រពើខាំដាច់ដៃឆ្វេង និងសុះសាច់ពេញខ្លួនស្លាប់ភ្លាមៗតែម្តង។
សូមរំលឹក កាលពីឆ្នាំ២០២២ ក៏មានករណីបុរសម្នាក់ធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវក្រពើខាំបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ក្រោយមកក៏បានស្លាប់។ នៅឆ្នាំ២០១៩ ក៏មានករណីក្រពើខាំកុមារីម្នាក់អាយុ២ឆ្នាំ សល់តែលលាដ៏ក្បាលតែប៉ុណ្ណោះ។ ករណីទាំងនេះគឺសុទ្ធតែកើតឡើងនៅក្នុងខេត្តសៀមរាប៕