រតនគិរី៖ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ លោកវរសេនីយ៍ត្រី អ៊ុត សឿង ត្រូវបានស្នងការដ្ឋាននគរបាលខេត្តរតនគិរីផ្អាកការងារជាបណ្តោះអាសន្ន ក្រោយរកឃើញថាលោកបានប្រព្រឹត្តិល្បែងជល់មាន់ខុសច្បាប់ក្នុងផ្ទះលោកដែលស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនគរបាលស្រុកកូនមុំ បានចុះទៅឃាត់ដល់ផ្ទះលោកវរសេនីយ៍ត្រី អ៊ុត សឿង ដែលបានលួចលេងល្បែងជល់មាន់ខុសច្បាប់ ប៉ុន្តែលោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ មិនត្រឹមតែមិនទទួលស្គាល់កំហុសនោះទេ ថែមទាំងបន្ទោសក្រុមការងារខ្លួនថាចុះមកឃាត់មិនបានប្រាប់ឱ្យដឹងជាមុន។
តាមវីដេអូដែលផ្សព្វផ្សាយនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Ket Sothy លោកវរសេនីយ៍ត្រី អ៊ុត សឿង បានបង្ហាញឬកពារមិនសមជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ ដោយលោកបាននិយាយថា៖ «មនុស្សគេគោរព គេយល់គ្នា អាឡូមេ ឥឡូវផ្ទះមេឯង (លេងល្បែងជល់មាន់) និយាយគ្នាទៅ ចាំបាច់មកធ្វើអ៊ុកឡុកអ៊ីចឹងធ្វើអី?»។
ក្រុមការងារបានឆ្លើយតបទៅវិញថា កន្លងមកធ្លាប់បានហាមម្តងទៅ២ដងរួចមកហើយ ប៉ុន្តែនៅតែផ្គើន អាងខ្លួនជាអធិការរង។ ក្រុមការងារបាននិយាយថា៖ «បងឯងជាអធិការរងទាំងមូលមិននាំគ្នាបង្រ្កាប (ល្បែងជល់មាន់) គិតតែនាំគ្នាលេង»។
ពាក់ព័ន្ធនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអះអាងថា កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កំពុងបន្តស្រាវជ្រាវគ្រប់អ្នកដែលពាក់ព័ន្ធបញ្ហានេះបន្ថែមទៀត។
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បញ្ជាក់ទៀតថា ប្រសិនរកឃើញថា លោកវរសេនីយ៍ត្រី អ៊ុត សឿង ពិតជាបានប្រព្រឹត្តខុសនោះនឹងត្រូវរងវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានតឹងរ៉ឹង៕