ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីស្នើសុំព្រះសង្ឃកុំប្រើប្រាស់បណ្ដាញសង្គមវាយប្រហារគ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះលេខាធិការដ្ឋានគណៈសង្ឃនាយកដែលបានសរសេរបង្ហោះរិះគន់ដល់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃកម្ពុជា ដោយស្នើឱ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។

ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងហួសចិត្តមួយដែលស្ថាប័នគណៈសង្ឃបានប្រើប្រាស់បណ្ដាញសង្គមវាយប្រហារគ្នាដូចមនុស្សធម្មតា។

សម្ដេចតេជោថា៖ «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គលេខាធិការគណៈសង្ឃនាយក ចេញសេចក្ដីប្រកាសមួយទៅទតិះតៀន សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះអើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្ដេចហើយសម្ដេចព្រះអង្គអាចហៅគ្នាមកនិយាយបានទេ? […] ទើបនិយាយពីសុខដុមនីយកម្មសាសនា នេះជាជម្លោះធម្មយុត្ត និងមហានិកាយ ប៉ុន្តែមហានិកាយទាស់គ្នា រួចហើយបញ្ចេញតាមហ្វេសប៊ុក»។

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ Facebook Page របស់លេខាធិការដ្ឋានគណៈសង្ឃនាយក បានសរសេរបង្ហោះនូវសំណេរមួយ តែបានលុបចេញវិញបន្ទាប់ពីមានការថ្លែងពីសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះ។

ក្នុងសំណេរហ្វេសបុកផេករបស់គណៈសង្ឃនោះបានវាយប្រហារលើសម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ថាព្រះអង្គបានល្មើសទៅលើអង្គប្រជុំវាយតម្លៃជ្រើសរើសសមាភាពព្រះមហាវិមលធម្មរបស់គណៈសង្ឃនាយក ព្យាយាមបង្កឱ្យមានបញ្ហានៅក្នុងជួរគណៈសង្ឃ និងពុទ្ធិកសិក្សាកន្លង និងបានប្រើប្រាស់ពាក្យថាព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ថាបានក្បត់ប្រធានអង្គប្រជុំ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយកទី១ នៅកម្ពុជាថែមទៀត។

ទាក់ទងនឹងករណីនេះព្រះសង្ឃនាយកទី១ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង បានមានព្រះរាជសង្ឃដីកាប្រាប់ EAC News ថា ក្នុងពេលនេះព្រះអង្គកំពុងសម្រាកព្យាបាលព្រះរោគនៅប្រទេសថៃ ដោយថាព្រះអង្គទ្រង់យល់ពីភាពប្រទាំងប្រទើសនៃគណៈសង្ឃនេះផងដែរ ខណៈព្រះអង្គនៅមិនទាន់មានព្រះតម្រិះយ៉ាងណានោះទេចាំរហូតដល់ព្រះអង្គយាងត្រលប់ពីការព្យាបាលព្រះរោគវិញ។ ព្រះអង្គថានេះជារឿងទីមួយដែលកើតឡើងនៅកម្ពុជា។

សម្ដេចព្រះពោធិវ័ង្សមានព្រះបន្ទូលថា៖ «មិនទាន់ថាយ៉ាងមិចទេញោម ព្រោះអីមិនធ្លាប់ទាន់បានជួបប្រទះ»។

ករណីដែលធ្វើឱ្យមានការប្រទាំងប្រទើសក្នុងជួរគណសង្ឃនេះគឺបន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះគម្ពីរត្ថេ មួង សទ្ធាពុទ្ធពង្ស ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យបច្ចុប្បន្ននេះ គោរមងារព្រះមហាវិមលធម្ម គឺមានពីរព្រះអង្គគឺព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ និងព្រះមហាវិមលធម្ម មួង សទ្ធាពុទ្ធពង្ស។

ក្នុងសំណើរសុំតែងតាំងព្រះអង្គ មួង សទ្ធាពុទ្ធពង្សា ជាសមណស័ក្កិរាជាគណៈថ្នាក់ទោក៏ត្រូវបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន ផងដែរ។

ក្នុងលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះមហាក្សត្រថា «អាស្រ័យដោយវត្តហរិរក្សរាជិនី (ហៅវត្ត វាំងចាស់) មានប្រវត្តិជាអារាមហ្លួង ហើយធ្លាប់ជាទីសំណាក់នៃព្រះមហាថេរសំខាន់ៗក្នុងអតីតកាល និង ម្យ៉ាងទៀតដោយព្រះគ្រូចៅអធិការវត្តវាំងចាស់អង្គបច្ចុប្បន្ននេះ គឺជាមន្ត្រីសង្ឃដែលមានគុណវុឌ្ឍ និងមាន គុណសម្បត្តិគ្រប់គ្រាន់ បានចូលរួមអភិវឌ្ឍវិស័យពុទ្ធចក្រនិងអាណាចក្រ ទូលព្រះបង្គំជាខ្ញុំសូមក្រាបបង្គំទូល ស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមទ្រង់ព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់ ប្រោសព្រះរាជទានតែងតាំងគោរមងារប្រគេន ព្រះគម្ពីរត្ថេរ មួង សទ្ធាពុទ្ធពង្ស ព្រះរាជា គណៈថ្នាក់ចត្វា និងជាព្រះគ្រូចៅអធិការវត្តហរិរក្សរាជិនី ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈ ថ្នាក់ទោ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា»។

គួរឱ្យដឹងផងដែរព្រះរាជាគណៈថ្នាក់ទោមាន៦គឺ ព្រះមហាវិមលធម្ម ព្រះពុទ្ធឃោសាចារ្យ ព្រះធម្មឃោសាចារ្យ ព្រះឃោសធម្ម ព្រះសាសនមុនី និងព្រះមុនីកោសល។ កាលពីមុនកម្ពុជាមានព្រះមហាវិមលធម្មមួយអង្គគឺព្រះមហាវិមលធម្ម ពិន សែម គង់នៅវត្តរាជបូណ៌ក្នុងខេត្តសៀមរាប ព្រះអង្គទើបត្រូវតែងតាំងព្រះគោរមងារជាសម្ដេចព្រះព្រហ្មរតនមុនីកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

យោងតាមគោលកាស្ដីពីការតែងតាំងមន្ត្រីសង្ឃថ្នាក់រាជាគណៈគ្រប់ឋានុក្រមរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ រាល់ការតែងតាំងមន្ត្រីសង្ឃរាជាគណៈគ្រប់ឋានានុក្រម ត្រូវមានការឯកភាពពីក្រសួងធម្មការ និងសាសនា ដើម្បីគោរពជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចលើការស្នើសុំព្រះរាជក្រឹត្យតែងតាំងទៅព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក