ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិកថ្លែងថា ទំនាក់ទំនងប្រទេសទាំងពីរកំពុងជួបបញ្ហាប្រឈមច្រើន
សហរដ្ឋអាមេរិក៖ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានបញ្ជាក់ថា លោកនឹងព្យាយាមស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ប៉ុន្តែយ៉ាងណាមិញលោកក៏ដឹងច្បាស់ផងដែរថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។
អំឡុងការមកដល់នៅអាកាសយានដ្ឋាន អន្តរជាតិ John F Kennedy ទីក្រុងញូវយ៉ក លោក Xie បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ "ខ្ញុំមកទីនេះដើម្បីការពារផលប្រយោជន៍របស់ប្រទេសចិន។ នេះគឺជាការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ខ្ញុំ"។ លោក Xie ដែលកន្លងមកធ្លាប់បានស្តីបន្ទោស និងរិះគន់ជាបន្តបន្ទាប់លើសកម្មភាពរបស់សហរដ្ឋអាមេរិក ជាពិសេសទៅលើទំនាក់ទំនងជាមួយកោះតៃវ៉ាន់បានបន្តថា៖ "ខ្ញុំក៏ជាបេសកជនរបស់ប្រជាជនចិនដែរ ដូច្នេះខ្ញុំមកទីនេះដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក"។
លោក Xie Feng បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ ធ្លាប់បានបំពេញកិច្ចការងារបរទេសចាប់តាំង ១៩៨៦ និងចាប់ផ្តើមទទួលបានការតម្លើងឋានៈ និងតួនាទីជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩០ តាមរយៈការិយាល័យកិច្ចការទ្វីបអាមេរិកខាងជើង នៃក្រសួងការបរទេស។ លោកធ្លាប់បានបំពេញការងារនៅក្នុងជំរុំរបស់ប្រទេសចិនក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលក្លាយជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសឥណ្ឌូនេស៊ី។ ថ្មីៗនេះ លោក Xie បានបំពេញការងារជាស្នងការនៃក្រសួងការបរទេសក្រុងប៉េកាំងប្រចាំទីក្រុងហុងកុង និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស។
លោក Xie កាលពីខែកុម្ភៈធ្លាប់បានធ្វើការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា បានបាញ់ទម្លាក់នូវអ្វីដែលខ្លួនសង្ស័យថាជាប៉េងប៉ោងចារកម្មចិន ដែលសកម្មភាពនេះជំរុញឱ្យមានវិបត្តិការទូតកើតឡើងរវាងប្រទេសទាំងពីរ ខណៈប្រទេសចិនបានបញ្ជាក់ថាបាឡុងហោះនោះគឺជារបស់ជនស៊ីវិលប៉ុណ្ណោះ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិកស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ឯកអគ្គរដ្ឋទូតចិន លោក Xie Feng។ លោក Miller និយាយថា៖ "យើងទន្ទឹងរង់ចាំបំពេញការងារជាមួយឯកអគ្គរដ្ឋទូតថ្មីដែលទើបត្រូវបានតែងតាំង រួមនិងក្រុមការងាររបស់គាត់។ យើងនៅតែប្តេជ្ញាចិត្ត ដូចដែលយើងបាននិយាយជាច្រើនលើកច្រើនសារ ក្នុងការរក្សាបណ្តាញទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ"៕