ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឺមថាអត្តពលិកជនមានពិការភាពកម្ពុជា នឹងដណ្តើមបានមេដាយច្រើនជូនជាតិនៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខាងមុខនេះ។
សម្តេចមានក្តីសង្ឃឹមបែបនេះ ក្រោយពីសង្កេតឃើញថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមកន្លងៗមកអត្តពលិកជនមានពិការភាពកម្ពុជាពាំនាំមានជោគជ័យច្រើនជូនកម្ពុជា។
សម្តេចមានប្រសាសន៍នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ថា៖ «បំបែកឯតទគ្គកម្មនៅស៊ីហ្គេមរួចហើយ នៅតែប៉ារ៉ាហ្គេម យើងនឹងទទួលបានមេដាយច្រើនទៀត ឥឡូវយើងកំពុងតែហ្វឹកហាត់ខ្លាំងណាស់»។
សម្តេចតេជោដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា គ្រោងជួបសំណេះសំណាលជាមួយអត្តពលិកជនមានពិការភាពដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបណ្តាប្រទេសដូចជា ប្រទេសប្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងប្រទេសកម្ពុជា ដែលមានកីឡាករ កីឡាការិនី ចូលរួមសរុប ១ ៤២៣នាក់។
ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមមានប្រភេទកីឡាចំនួន១៤ ត្រូវនឹង ១៦០វិញ្ញាសា ហើយក្នុងនោះមានកីឡាករកីឡាការិនីកម្ពុជាចំនួន ៣១៧នាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ៕