ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត៖ អតីតកាលគេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាត ប៉ុល ពត បច្ចុប្បន្នគេស្គាល់កម្ពុជាក្នុងនាមជាប្រទេសមួយពោរពេញដោយសន្តិភាព

កំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា កាលពីអតីតកាលគេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាត ប៉ុល ពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត ក៏ដូចជាស្នាមញញឹម និងភាពរស់រាយរាក់ទាក់របស់ប្រជាជនក្នុងមោទនភាពខ្ពស់ជាជាតិសាសន៍ខ្មែរ។

លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

លោកឱ្យដឹងទៀតថា ដើម្បីស្វែងយល់ច្បាស់អំពីដំណើរវិវិត្តន៍របស់កម្ពុជាគឺអាចសំឡឹងមើលថយក្រោយគិតចាប់ពីការអភិវឌ្ឍរីកចម្រើនខ្លាំងក្នុងសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ដែលត្រូវបានប្រទេសក្នុងតំបន់ប្រសិទ្ធនាមជា “កម្ពុជ គុជនៅអាស៊ី” ដោយបន្តមកដំណាក់កាលក្រោយៗទៀត ដែលមានការប្រែប្រួលឡើងចុះ។

លោកបន្ថែមឱ្យដឹងទៀតថា របបលន់នល់ និងរបបប៉ុលពត បានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាម និងអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយង់ឃ្នង រហូតដល់សម័យបច្ចុប្បន្ននេះ ដែលជាសម័យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលបានចូលរួមការពារនូវបាវចនា÷ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជាគណបក្សដែលតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ។

លោកគូសបញ្ជាក់ថា ជាក់ស្តែង វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបានបង្កលក្ខណៈប្រគេនជូនព្រះតេជគុណព្រះសង្ឃដឹកនាំ និងរៀបចំវត្តអារាម និងបដិបត្តិធម៌វិន័យ ជាមួយនឹងការបើកសិទ្ធិសេរីភាពឱ្យប្រជាជនអាចជ្រើសរើសប្រកាន់ជំនឿសាសនាដែលខ្លួនពេញចិត្ត និងបានជ្រោងទង់ព្រះមហាក្សត្រឡើងវិញ ដោយដង្ហែរអតីតអង្គព្រះមហាក្សត្រយាងឡើងគ្រងរាជសម្បត្តិឡើងវិញ អនុលោមតាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។

មេបញ្ជាការកងទ័ពជើងគោករូបនេះបញ្ចាក់ថា សមិទ្ធផលនានានៅគ្រប់ទីកន្លែងផ្សេងៗនៅកម្ពុជាគឺពិតជាបានបង្ហាញច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងកម្រិតជីវភាពល្អប្រសើររបស់ប្រជាជន នៅក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋនៅក្នុងស្មារតីនៃវប្បធម៌ចែករំលែក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក