សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋមន្ត្រីប្រៃសណីយ៍៖ ការចាប់ផ្ដើមធ្វើបរិវត្តកម្មឌីជីថលពីវិស័យអប់រំនឹងផ្ដល់ផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលផ្ទាល់ដល់យុវជន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើកឡើងថា ការចាប់ផ្ដើមធ្វើបរិវត្តកម្មឌីជីថលពីវិស័យអប់រំនឹងផ្ដល់ផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលផ្ទាល់ដល់យុវជន ដែលជាក្រុមប្រជាសាស្ត្រធំនិងមានសារៈសំខាន់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។

លោក ជា វ៉ាន់ដេត ថ្លែងដូចនេះក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន១១ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។

រដ្ឋមន្ត្រីក.ប.ទ. បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការរបស់គ្រឹះស្ថានឧត្ដមសិក្សាទាំង១១ ជាមួយនឹង ក.ប.ទ. ដែលជាការចូលរួមចំណែកអនុវត្តតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈនិងឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។

លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យអប់រំជាវិស័យដៃគូមួយសម្រាប់កិច្ចការបរិវត្តកម្មឌីជីថលផងដែរ ហើយយុវជនគឺមានសក្ដានុពលក្នុងការឆ្លើយតបនឹងតម្រូវការធនធានមនុស្សឌីជីថលទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន ទាំងលើផ្នែកបច្ចេកទេស គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

ក្នុងឱកាសនោះដែរ លោក ជា វ៉ាន់ដេត ក៏បានបញ្ជាក់សារជាថ្មីអំពីការបន្តខិតខំប្រឹងប្រែងរបស់ ក.ប.ទ. ក្នុងការរៀបចំឱ្យមានប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយរឹងមាំនិងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យទូទាំងប្រទេស តាមរយៈការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថល។

រដ្ឋមន្ត្រីរូបនេះ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធផ្លាស់ប្ដូរឥរិយាបទជាវិជ្ជមាន ដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ត្រៀមខ្លួនសិក្សានិងចាប់យកបច្ចេកវិទ្យាល្អៗ កែលម្អទម្លាប់ចាស់ និងបង្កើតទម្លាប់ថ្មីល្អៗ ដើម្បីទទួលបានផលជាអតិបរមាពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលក្នុងសាកលលោក។

គួរឱ្យដឹងដែលថា កិច្ចព្រមព្រៀងជាមួយគ្រឹះស្ថានឧត្តមសិក្សាទាំង១១ មានគោលបំណង ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ រៀបចំប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សាតាមបច្ចេកវិទ្យាឌីជីថល និង រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត សម្រាប់ការប្រើប្រាស់ក្នុងគ្រឹះស្ថាន ក៏ដូចជាសហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក