ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហព័ន្ធបាល់ទាត់អេស្ប៉ាញទទួលស្គាល់ថា អេស្ប៉ាញកំពុងជួបនឹងបញ្ហារើសអើងជាតិសាសន៍

អេស្ប៉ាញ៖ "ពិភពបាល់ទាត់អេស្ប៉ាញ កំពុងជួបប្រទះនឹងបញ្ហានៃការរើសអើងជាតិសាសន៍"! នេះគឺជាការលើកឡើងរបស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញកាលពីថ្ងៃចន្ទ បន្ទាប់ពីមានករណីរើសអើងមួយបានកើតឡើងទៅលើកីឡាករសញ្ជាតិប្រេស៊ីល Vinicius Jr ស្របពេលដែលក្លិប Real Madrid បានដាក់ពាក្យបណ្តឹងជុំវិញករណីជេរប្រមាថ និងការរើសអើងជាតិសាសន៍ទៅលើកីឡាកររបស់ខ្លួន។ 

លីគកំពូលអេស្ប៉ាញ LaLiga កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងក្នុងការស្នើឱ្យមានវិធានការពាក់ព័ន្ធទៅនឹងបញ្ហាការរើសអើងជាតិសាសន៍ដែលកំពុងកើតមាន បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល សមាគមបាល់ទាត់អន្តរជាតិ FIFA និងកីឡាករល្បីៗមួយចំនួនដូចជា Kylian Mbappe ជាដើម​ បានចេញមុខមកសម្តែងការគាំទ្រ និងលើកទឹកចិត្តទៅកាន់ Vinicius Jr។

លោក Luis Rubiales បាននិយាយនៅក្នុងសន្និសីទមួយកាលពីថ្ងៃចន្ទកន្លងទៅថា "រឿងដំបូងបង្អស់ដែលយើងត្រូវទទួលស្គាល់គឺ យើងកំពុងតែមានបញ្ហា (រើសអើងជាតិសាសន៍) នៅក្នុងប្រទេសរបស់យើង"។ លោកបានបន្ថែមថា នេះគឺជាបញ្ហាសំខាន់សម្រាប់ក្លិបទាំងមូល អ្នកគាំទ្រទាំងអស់ និងសម្រាប់ប្រទេសជាតិទាំងស្រុងផងដែរ។ គួរបញ្ជាក់ថា ការប្រកួតកន្លងទៅនៅកីឡដ្ឋាន Mestalla របស់ក្រុម Valancia ត្រូវបានផ្អាកការប្រកួតអស់រយៈពេលជាង ១០នាទី បន្ទាប់ពី Vinicius Jr បានចង្អុលទៅកាន់អ្នកគាំទ្រ និងបានអះអាងថាអ្នកគាំទ្រទាំងអស់នោះបានជេរប្រមាថ និងមាក់ងាយមកលើគេ។ 

បើតាមវីដេអូមួយដែលបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញថា អ្នកគាំទ្ររបស់ក្លិប Valancia រាប់រយនាក់បាននាំគ្នាស្រែកច្រៀងថា "Vinicius គឺជាសត្វស្វា" នៅពេលដែលរថយន្តដឹកកីឡាកររបស់ Real Madrid បានធ្វើដំណើរមកដល់កីឡដ្ឋានមុនការប្រកួតចាប់ផ្តើម។ ក្រោយចប់ការប្រកួត Vinicius Jr បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា៖ "ខ្ញុំសូមអភ័យទោសជាមុនសម្រាប់ប្រជាជនអេស្ប៉ាញដែលមិនយល់ស្រប ប៉ុន្តែនៅប្រេស៊ីល ប្រទេសអេស្ប៉ាញត្រូវបានគេស្គាល់ថាជាប្រទេសដែលមានការរើសអើងជាតិសាសន៍"។ 

ដោយឡែក ក្លិប Real Madrid បានបញ្ជាក់កាលពីថ្ងៃចន្ទនេះថា ក្លិបបានដាក់ពាក្យបណ្ដឹងអំពីឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ក្រោយពីមានឧប្បត្តិហេតុនៅឯទីក្រុង Valancia។ នេះគឺជាករណីទី១០ហើយដែលក្លិបបានដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ដែលបានកើតឡើងលើ Vinicius ក្នុងរដូវកាលនេះ។ ករណីមួយទៀតក៏ត្រូវបានកំពុងស្ថិតក្នុងការស៊ើបអង្កេតដោយព្រះរាជអាជ្ញាផងដែរ ពោលគឺបន្ទាប់ពីមានករណីរើសអើងជាតិសាសន៍កើតឡើងអំឡុងការប្រកួតរបស់ Real Madrid ទល់នឹង Atletico Madrid កាលពីខែមករាកន្លងទៅ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក