ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនដែលចូលរួមពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសបានបរិច្ចាគថវិកាសម្រាប់សាងសង់ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។
សម្តេចតេជោបានអរគុណដល់សប្បុរសជនចំនួន ២២៣រូប ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួនជិត៧៣លានដុល្លារសម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងអគារតេជោអភិវឌ្ឍន៍មួយនេះ។
សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារ បូកជាមួយថវិកាដែលទទួលបានពីសប្បុរសជន សរុបមានចំនួនជាង ១០៣លានដុល្លារ ដោយប្រើប្រាស់ថវិកាចំនួនជាង ៨២លានដុល្លារសម្រាប់កសាងអគារថ្មីមួយនេះ។
បើតាមសម្តេច នៅសល់ថវិកាចំនួន ២០លានដុល្លារ ដែលទុកសម្រាប់ធ្វើទំនើបកម្មនូវអគារក្នុងមន្ទីរពេទ្យកាល់ម៉ែត និងសម្រាប់កសាងអគារសុខាភិបាលផ្សេងៗនៅក្នុងប្រទេស។
សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣៕














