
ក្រសួងសាធារណការស្នើសុំកិច្ចសហការពីភាគីពាក់ព័ន្ធដើម្បីផ្តល់មតិកែលម្អ ជំរុញឱ្យសម្រេចបាននូវវគ្គបណ្តុះបណ្តាលបច្ចេកទេសពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់
ភ្នំពេញ៖ អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា ស្នើសុំកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបន្តចូលរួមសហការ ក៏ដូចជាផ្តល់មតិយោបល់កែលម្អ ជំរុញឱ្យក្រសួងអាចសម្រេចបាននូវវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ ដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ក្នុងពេលឆាប់ៗខាងមុខ។
លោក វ៉ា ស៊ឹមសុរិយា ស្នើដូចនេះក្នុងសិក្ខាសាលា ពិគ្រោះយោបល់ និងពិនិត្យលើរបាយការណ៍វាយតម្លៃតម្រូវការបណ្តុះបណ្តាល នៃគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនៅបណ្ដាប្រទេសកម្ពុជា ឡាវ និងវៀតណាម នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។
លោកបានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យលើរបាយការណ៍វាយតម្លៃតម្រូវការបណ្តុះបណ្ដាលនេះគឺជាការចាំបាច់ណាស់ ដែលត្រូវការ ការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ជួយពិនិត្យផ្ទៀងផ្ទាត់ ផ្តល់ធាតុចូល និងយោបល់បន្ថែម ទៅលើលទ្ធផលនៃការវាយតម្លៃតម្រូវការបណ្តុះបណ្តាល ក្នុងន័យជួយកែលម្អឱ្យរបាយការណ៍វាយតម្លៃតម្រូវការបណ្តុះបណ្ដាល នៃគម្រោងនេះ កាន់តែល្អប្រសើរឡើង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកបានបន្ថែមឱ្យដឹងទៀតថា កិច្ចពិភាក្សាមួយនេះ ក៏បានផ្តល់ឱកាសដល់ប្រទេសទាំងបី ដើម្បីសិក្សាពីគ្នាទៅវិញទៅមក ដែលជាផ្នែកសំខាន់មួយផ្សេងទៀត ដែលនឹងនាំមកនូវផលប្រយោជន៍រួមទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ទន្ទឹមនោះ លោក វ៉ា ស៊ឹមសុរិយា ក៏បានលើកឡើងបន្ថែមថាថា ចំពោះកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ គឺជាសក្ខីភាពនៃសមិទ្ធិផលថ្មីមួយទៀត របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនឹងឈានឆ្ពោះទៅការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ មិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសវៀតណាម និងឡាវ ផងដែរ។
ជាមួយគ្នានេះ អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា បានកោតសរសើរដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទាំងការងារស្នូល និងការស្វែងរកកិច្ចសហការ គាំទ្រពីដៃគូជាតិ និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅរកចក្ខុវិស័យរួមរបស់វិទ្យាស្ថានផ្ទាល់ និងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគោលដៅនោះគឺ “ការកសាង និងពង្រឹងធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន”។
គួរឱ្យដឹងដែរថា វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានដាក់ឱ្យដំណើការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា-ឡាវ-វៀតណាម និងដើម្បីផ្សព្វផ្សាយអំពីសារសំខាន់នៃការថែទាំផ្លូវថ្នល់ដល់សាធារណជនឱ្យបានដឹងផងដែរ៕