ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភដល់កម្មការិនីរោងចក្រដែលមានផ្ទៃពោះ។
សម្តេចតេជោបានប្រកាសបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ បានថ្លែងដូច្នេះថា៖ «ខ្ញុំកំពុងឱ្យរៀបចំកើនប្រាក់ថវិកាឱ្យ (កម្មការិនីមានផ្ទៃពោះ) ទទួលផល។
សម្តេចតេជោ បានអះអាងថា កម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ។
នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំគិតថា ប្រសិនបើយើងអនុវត្តបន្ថែម ក៏មិនអាចដួលរលំសេដ្ឋកិច្ចកម្ពុជាទេ ប៉ុន្តែផ្ទុយទៅវិញវាក៏បានជួយកម្មការិនីរបស់យើងមានសុខភាពល្អ»។
សូមបញ្ជាក់ថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់កម្មការនីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនេះ គឺអនុវត្តចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១ ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះចំនួន ៣លើកនឹងទទួលបានថវិកាក្នុង១លើកចំនួន ៤ម៉ឺនរៀល។ ពេលសម្រាលកូនភ្លាមស្ត្រីទទួលប្រាក់ចំនួន ២០ម៉ឺនរៀល។ ក្រោយសម្រាលកូនរួច ស្ត្រីទៅពិនិត្យសុខភាពទាំងម្តាយ និងកូនអាយុដល់ ២ឆ្នាំ ចំនួន ១០លើក ទទួលបានក្នុង១លើក ៤ម៉ឺនរៀល៕











