ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត បានជួបក្មេងប្រុសលក់ផ្កា និងបានពិនិត្យលទ្ធភាពក្នុងការជួយឲ្យមានមុខរបរឲ្យល្អប្រសើរជាងមុន

បាត់ដំបង៖ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានជួបក្មេងប្រុសលក់ផ្កាដោយផ្ទាល់ម្តងទៀត បន្ទាប់ពីក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មេងប្រុសនោះ និង ក្រុមគ្រួសារ ដោយតាមសន្យាថាលោកនឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។

លោក ហ៊ុន ម៉ាណែត បានឱ្យដឹងដូចនេះលើបណ្តាញសង្គមផ្ទាល់ខ្លួនលោកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ថា ឆ្លៀតពេលដែលលោកត្រូវទៅបំពេញការងារនៅខេត្តក្បែរនោះ លោកបានអោយក្រុមការងារនាំក្មេងប្រុសឈ្មោះ រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលលោកបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារមកជួប ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសាររបស់គាត់និងពិនិត្យលទ្ធភាពក្នុងការជួយ។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែតក៏បានកោតសរសើរឪពុកម្តាយរបស់ក្មេងប្រុសលក់ផ្កានោះដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។

លោកថា៖«ខ្ញុំក៏សូមកោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ (ឥឡូវក្មួយមានអាយុ ១៣ឆ្នាំ)»

ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់ក្មេងប្រុស ភារម្យ លោកបានសម្រេចជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ និង រុន ភារម្យ និងប្អូនស្រី អោយបានចូលរៀននៅសាលាដែលចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត។

គួរឱ្យដឹងដែរថា លោក ហ៊ុន ម៉ាណែត បានបង្ហោះសារអមជាមួយរូបភាពលោកនិងក្មេងប្រុសលក់ផ្កាម្នាក់ ដែលបានជួបនៅខេត្តបាត់ដំបង ដោយលើកឡើងថា កាយវិការរបស់ក្មេងម្នាក់នោះ និងដំណើររឿងជីវិតរបស់គេបានធ្វើឱ្យលោកមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ និង បានចាត់អោយក្រុមការងារស្រាវជ្រាវរកក្មេងប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក