ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ឱ្យដឹងថាគម្រោងជីកព្រែកដែលជាគម្រោងធំបំផុត គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបានហៅខ្លីថា «គម្រោងព្រែកជីកហ្វូណនតេជោ»។ លោកបានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
គួរឱ្យដឹងថាកម្ពុជាមានគម្រោងជីកព្រែកដែលជាប្រវត្តិសាស្ត្រទី១ របស់ខ្លួនទម្លុះពីទន្លេបាសាក់ចាក់ទៅកាន់សមុទ្រក្នុងខេត្តកែបតែម្ដង ដែលពីមុនកម្ពុជាប្រើប្រាស់ផ្លូវទឹកចាស់ដោយឆ្លងកាត់ប្រទេសវៀតណាម។
ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានបែងចែកជា ២ដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប ២៦ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ខែ និងដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល ១២ខែ។
ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។
តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណនមកម្លេះ ហើយផ្លូវទឹកនេះ គឺនឹងត្រូវកសាងលើតម្រាយខ្សែរផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់៕