ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាជោគជ័យក្នុងការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

កោះកុង៖ កាលពី២៣ឆ្នាំមុន វត្តមានអណ្តើកហ្លួង នៅសេសសល់តិចតួចប៉ុណ្ណោះ សឹងតែជិតផុតពូជទៅហើយនៅតាមដងព្រែកស្រែអំបិល ខេត្តកោះកុង។ នៅឆ្នាំ២០០២ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានចាប់ផ្តើមរួមគ្នាការពារសម្បុកអណ្តើកហ្លួង ដោយចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០២២ មានសម្បុកពងកូនសរុបចំនួន៤៨ មាន ៧១៨ពង ហើយញាស់បាន ៤៧៥កូន។

អណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួនជាង ៣០ក្បាល ត្រូវបានយកមកចិញ្ចឹមតាំងពីឆ្នាំ២០០៧ ដោយបច្ចុប្បន្នពួកគេវាមានអាយុកាល ១៤ឆ្នាំ ដោយរយៈពេល ៣ឆ្នាំចុងក្រោយនេះវាបន្តពូជបានកូនអណ្តើកហ្លួងញាស់បានចំនួនជាង ១៥០ក្បាលនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងក្រោមការយកចិត្តទុកដាក់ថែទាំពីមន្ត្រីនៃរដ្ឋបាលជលផល និងអង្គការ WCS។

អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលខេត្តកោះកុង លោក អ៊ិន ហ៊ុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅកន្លែងបង្កាត់អណ្តើកហ្លួងសិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា កម្ពុជាជាប្រទេសដែលមានវត្តមានសត្វអណ្តើកហ្លួងច្រើនជាងគេ ហើយកម្ពុជាជាកន្លែងអំណោយផលក្នុងការរស់នៅ និងបន្តពូជ ពីព្រោះកម្ពុជាជាតំបន់ត្រូពិក ខណៈសត្វប្រភេទនេះជាទូទៅអាចបន្តពូជក្នុងអាយុកាល ១៨ឆ្នាំ ប៉ុន្តែអណ្តើកហ្លួងនៅកម្ពុជាមានអាយុតែ ១៤ឆ្នាំអាចបន្តពូជបាន។ សត្វអណ្តើកហ្លួង មានវត្តមានតែនៅក្នុងប្រទេសចំនួន ៣ប៉ុណ្ណោះគឺប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី។

លោក អ៊ិន ហ៊ុល បញ្ជាក់ថា រយៈពេល ៣ឆ្នាំចុងក្រោយនេះ កូនអណ្តើកហ្លួងចំនួន ១៥៨កូនបានញាស់ក្នុងមជ្ឃមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដោយនេះជាជោគជ័យមួយក្នុងការអភិរក្សសត្វប្រភេទនេះ។

មន្ត្រីរដ្ឋបាលជលផលខេត្តកោះកុង លោក អ៊ិន ហ៊ុល បានលើកឡើងថា ការបង្កាត់អណ្តើកហ្លួងក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង គឺជាជម្រើសដ៏ល្អបំផុតដើម្បីធានាសុវត្ថិភាព និងអភិរក្សសត្វល្មូនប្រភេទនេះបន្តមានវត្តមាននៅដែនព្រែកស្រែអំបិលដែលជាទីជម្រកយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។

បើតាមលោក អ៊ិន ហ៊ុល គិតចាប់ពីឆ្នាំ២០១៥ មកក្រុមការងាររដ្ឋបាលជលផលបានលែងអណ្តើកហ្លួងវ័យជំទង់អាយុកាល ៣ឆ្នាំ សរុបចំនួនជិត ១៧០ក្បាលទៅក្នុងធម្មជាតិព្រែកស្រែអំបិល ដោយមុននឹងលែងចូលធម្មជាតិវិញ ក្រុមការងារបានបំពាក់ឧបករណ៍តាមដាន (Transmitter) និងឆីបសម្គាល់ (Microchip) លើស្នូកអណ្តើកដើម្បីតាមដែនការរស់នៅ និងការបម្លាស់ទីរបស់វា។

ប្រធានក្រុមអប់រំផ្សព្វផ្សាយការងារអភិរក្សអណ្តើកនៅខេត្តកោះកុង លោក ធន ផុន បានបញ្ជាក់ថា អណ្តើកហ្លួងដែលរស់នៅតាមព្រែកស្រែអំបិល នៅតែប្រឈមនឹងការគំរាមកំហែង ពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលប្រជានេសាទដាក់នៅក្នុងបាតព្រែក ដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះសត្វកណ្តើកហ្លួងមិនក្រោម ១០ក្បាលទេដែលបានងាប់ដោយសារជាប់មង។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រៅពីសត្វអណ្តើកហ្លួងដែលត្រូវបានបង្កាត់ និងលែងចូលទៅធម្មជាតិវិញ មានប្រភេទសត្វជាច្រើនទៀតក៏ត្រូវបានលែងទៅរស់នៅក្នុងធម្មជាតិវិញផងដែរ ក្នុងនោះមានសត្វក្រពើភ្នំ និងសត្វខ្សឹប និងសត្វជាច្រើនប្រភេទទៀត ដើម្បីរក្សានូវចំនួនសត្វដ៏កម្រនេះបន្តរស់រានមានជីវិត។

អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទសត្វល្មូនស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជ ដែលជាប្រភេទសត្វតំណាងឱ្យប្រទេសកម្ពុជា។ លោក នេត្រ ភក្ត្រា បានអំពាវនាវពលរដ្ឋចូលរួមអភិរក្សសត្វអណ្តើកប្រភេទនេះ ដោយពុំត្រូវដាក់អន្ទាក់ មង និងឧបករណ៍នេសាទខុសច្បាប់ ហើយកុំបរិភោគសត្វប្រភេទនេះ និងប្រភេទសត្វកម្រៗផ្សេងៗទៀត។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានណែនាំឱ្យប្រជាសហគមន៍ក្នុងដែនជម្រកតាមដងព្រែកស្រែអំបិល បន្តរួមគ្នាថែរក្សា និងការពារសត្វអណ្តើកហ្លួងនេះ ដើម្បីអនុញ្ញាតឱ្យសត្វនេះអាចបន្តពូជ និងសម្រាប់បង្កើតជាតំបន់សក្តានុពលទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក