ភ្នំពេញ៖ ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកប្រជែងបានមេដាយសរុបចំនួន ១៣២គ្រឿង គឺស្មើនឹងជាង ៤៦ភាគរយ នៃមេដាយសរុបដែលកម្ពុជាទទួលបានចំនួន ២៨២គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តឆ្នាំ២០២៣នេះ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សរ សិទ្ធិ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងថា ការចូលរួមចំណែកប្រជែងទទួលបានមេដាយជូនជាតិនេះ គឺជាមោទកភាពយ៉ាងក្រៃលែង ដោយក្នុងនោះមេដាយមាសអត្តពលិកនៃក្រសួងមហាផ្ទៃប្រជែងបានមានចំនួន ៣៥ គ្រឿង មេដាយប្រាក់ ចំនួន ៣៤គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ៦៣គ្រឿង ហើយកាន់តែអស្ចារ្យថែមទៀតនោះ គឺក្នុងចំណោមអត្តពលិកជាតិដែលចូលរួមប្រជែងបានមេដាយនោះ មានអត្តពលិកក្រសួងមហាផ្ទៃចំនួន ៣រូប បានជាប់ជាអត្តពលិកឆ្នើមដោយដណ្តើមបានមេដាយច្រើនជាងគេ។
លោកបានឱ្យដឹងថា កីឡាការិនី ប៉ាល់ ឆរស្ម៊ី ទទួលបានមេដាយ ៦គ្រឿង មាស៤ ប្រាក់១ សំរឹទ្ធ១គ្រឿង ក្នុងវិញ្ញាសាវ៉ូវីណាម។ ឯកីឡាករ គង់ម៉ូណា មិថុរ៉ា មេដាយ ៣គ្រឿង មាស២ សំរឹទ្ធ ១គ្រឿង ក្នុងវិញ្ញាសាជឺជីតស៊ូ និងកីឡាករ លី បូរ៉ាមី មេដាយមាស ៣គ្រឿង វិញ្ញាសាវ៉ូវីណាម។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ប្រកបដោយជោគជ័យ និងយ៉ាងមោទនភាពនាពេលនេះ គឺកម្ពុជាស្ថិតក្នុងលំដាប់ប្រទេសទី៤ ដែលទទួលបានមេដាយច្រើនជាងគេ។
លទ្ធផលនេះបើធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅលំដាប់ថ្នាក់លេខ១០ និងមិនទទួលបានមេដាយសម្បី១គ្រឿង។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកលទ្ធផលនេះថា ជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក៕