ភ្នំពេញ៖ គម្រោងព្រែកជីកបើកផ្លូវទឹកពីរាជធានីភ្នំពេញ ទៅកាន់សមុទ្រនៃខេត្តកែប នឹងត្រូវធ្វើកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្ដាល តាកែវ កំពត និងកែប ដោយយកព្រែកចាស់ៗដែលមានសម្រាប់ក្នុងខេត្តទាំងនោះជាតម្រាយផ្លូវ។
តាមការឱ្យដឹងពីអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ គម្រោងព្រែកជីកនេះនឹងធ្វើកាត់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។
លោកបានឱ្យដឹងថាតាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ និងមានពលរដ្ឋរដ្ឋនៅប្រមាណ ១,៦លាននាក់នៅតាមអមសងខាងផ្លូវទឹកទាំងនេះ។
បើតាមលោក ផៃ ស៊ីផាន គម្រោងនេះក៏នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣ ផងដែរនៅខេត្តកណ្ដាល តាកែវ និងកែប រួមទាំងការសាងសង់ស្ពានចំនួន ១១កន្លែង ដែលត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕