
លោក ស៊ុយ ឆៃលាង ចាកចេញពីបក្សភ្លើងទៀនដោយថាមេដឹកនាំគ្មានជំហរច្បាស់លាស់បង្កតែភាពវឹកវរក្នុងប្រទេស
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុយ ឆៃលាង បានស្នើសុំចុះចូលជាមួយគណបក្សប្រជាជននិងបានលើកឡើងថាមូលហេតុដែលលោកចាកចេញពីគណបក្សភ្លើងទៀនដោយសារថ្នាក់ដឹកនាំគណបក្សនេះមិនមានគោលជំហរច្បាស់លាស់ បង្កតែភាពវឹកវរ ប្រទូសរាយ ចលាចលក្នុងប្រទេស។
លោក ស៊ុយ ឆៃលាង ដែលអះអាចថាបេក្ខជនដែលត្រូវបក្សភ្លើងទៀនដាក់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្ដាល បានស្នើសុំការអនុញ្ញាតពីប្រធានបក្សប្រជាជនដើម្បីសុះចូលរួមជីវភាពនយោបាយ ចូលរួមកសាងប្រទេស និងអភិវឌ្ឍន៍ជាតិទៅថ្ងៃអនាគត។
លោកបានទទួលស្គាល់ថាក្រោមការដឹកនាំរបស់សម្ដេចតេជោបាននាំកម្ពុជាមានការអភិវឌ្ឍន៍ មានសន្ដិភាព និងការរីកចម្រើនជាបន្តបន្ទាប់។
លោកថា៖ «ខ្ញុំបាទសូមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានធ្វើឱ្យកម្ពុជាលេខត្រដែតលើឆាកអន្តរជាតិដែលមានសម្ដេចតេជោជាប្រមុខដឹកនាំរាជរដ្ឋាភិបាល»។
ជាមួយគ្នានេះលោកបានវាយប្រហារថ្នាក់ដឹកនាំបក្សភ្លើងទៀនថា៖ «កន្លងមកខ្ញុំបាទបានចូលរួមបម្រើថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយថ្នាក់ដឹកនាំមិនមានគោលជំហរច្បាស់លាស់ មានតែការបង្កភាពវឹកវរ ប្រទូសរាយ ចលាចលក្នុងប្រទេស ទើបខ្ញុំសម្រេចចិត្តចូលរួមជីវភាពនយោបាយដោយស្មោះស្ម័គ្រឥតងាករេជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះរហូតតទៅ»។
ក្រោយពីបានសុំចុះចូលជាមួយបក្សប្រជាជនលោក ស៊ុយ ឆៃលាង ក៏បានប្រកាសគាំទ្រគោលនយោបាយរបស់បក្សប្រជាជន និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅបណ្ដាញទំនាក់ទំនង Telegram របស់សម្ដេចថា សម្ដេចបានទទួល និងសូមស្វាគមន៍លោក ស៊ុយ ឆៃលាង មកជាសមាជិកគណបក្សប្រជាជនផងដែរ។
មួយរយៈចុងក្រោយនេះចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនមានកាន់តែច្រើនពីសមាជិកក្រុមប្រឆាំងដោយពួកគេថា បានអស់ជំនឿនិងថ្នាក់ដឹកនាំរបស់គណបក្សខ្លួន៕