ខេត្តព្រះសីហនុ៖ មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជការមូលដ្ឋានសមុទ្រ លោកឧត្តមនាវីឯក អ៊ុក សីហា បានលើកឡើងថា កងទ័ពជើងទឹកនឹងបេ្តជ្ញាការពារនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ចូលរួមកំចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
លោកបានថ្លែងដូច្នេះនៅចំពោះមុខអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានចុះសួរសុខទុក្ខ សំណេះសំណាល នាំយកអំណោយផ្សេងៗ និងចែកជូនអាវភ្លៀង ជូនដល់នាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជការមូលដ្ឋានសមុទ្រ លោកឧត្តមនាវីឯក អ៊ុក សីហា បានថ្លែងអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែសសម្តេចទាំងពីរ តែងតែបានគិតគូរ ពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាជន និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ។
លោកថា ដើម្បីជាការតបស្នងសងដឹងគុណដល់ជាតិមាតុភូមិ និងសម្ដេចទាំងពីរ កងទ័ពជើងទឹកនឹងបេ្តជ្ញាការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ចូលរួមកំចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអរគុណចំពោះការប្ដេជ្ញាចិត្ដរបស់កងទ័ពជើងទឹកយ៉ាងមុតមាំក្នុងការបំពេញតួនាទីភារកិច្ចក្នុងបុព្វហេតុការពារបូរភាពទឹកដី រក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគាំទ្រដល់ការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគិតបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន៕