ស៊ូដង់៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី១៧ ខែឧសភាបាននិយាយថា ថវិកាប្រមាណជា ៣,០៣ពាន់លានដុល្លារនឹងត្រូវការចាំបាច់ដើម្បីផ្តល់ជំនួយជាបន្ទាន់ទៅកាន់ប្រទេសស៊ូដង់ បន្ទាប់ពីប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះក្នុងស្រុក ស្របពេលដែលពលរដ្ឋប្រទេសនេះប្រមាណជា ១លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើចំណាកស្រុកភៀសខ្លួនពីក្នុងប្រទេសទៅកាន់ប្រទេសជិតខាងក្នុងឆ្នាំនេះ។
បើតាមការអះអាងរបស់អង្គការសហប្រជាជាតិដដែលបានបញ្ជាក់ថា តម្រូវការនៃជំនួយបានកើនឡើងចាប់តាំងពីជម្លោះបង្ហូរឈាមបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់កាលពីខែមុន ដោយបានកែប្រែផែនការឆ្លើយតបរបស់ខ្លួនចំពោះប្រទេសនេះយ៉ាងខ្លាំង។ លោក Ramesh Rajasingham ប្រធានការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានប្រាប់អ្នកយកព័ត៌មានថា៖ "សព្វថ្ងៃនេះ មនុស្សប្រមាណ ២៥លាននាក់ក្នុងប្រទេសស៊ូដង់ ដែលជាចំនួនលើសពីពាក់កណ្ដាលនៃប្រជាជនសរុបក្នុងប្រទេស កំពុងត្រូវការជំនួយមនុស្សធម៌ និងការការពារ។ នេះគឺជាចំនួនប្រជាជនរងគ្រោះច្រើនបំផុតដែលពុំធ្លាប់មានក្នុងប្រទេសនេះ"។
គួរបញ្ជាក់ថា សមរភូមិក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងតាំងពីថ្ងៃទី១៥ ខែមេសាមកម្ល៉េះ រវាងមេបញ្ជាការកងទ័ពលោក Abdel Fattah al-Burhan និងអតីតមេបញ្ជាការរងរបស់លោកគឺ លោក Mohamed Hamdan Daglo ដែលជាមេដឹកនាំនៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ។ យោងតាមប្រភពពីក្រុមសង្គ្រោះបានឱ្យដឹងថា មកដល់ពេលនេះមានមនុស្សប្រហែលជា ១,០០០នាក់ទៅហើយនៅក្នុងរដ្ឋធានី Khartoum ដែលបានស្លាប់ ក៏ដូចជានៅក្នុងរដ្ឋ West Darfur ដែលរងការបំផ្លិចបំផ្លាញខ្លាំង។
ដោយឡែក បើតាមប្រភពពីលោក Ramesh Rajasingham បានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៥,០០០នាក់បានរងរបួស ខណៈមនុស្សរាប់លាននាក់ផ្សេងទៀតបានជាប់គាំងនៅតែក្នុងផ្ទះរបស់ខ្លួន ដោយមិនអាចទទួលបានសេវាមូលដ្ឋាន និងការថែទាំសុខភាព។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចង្អុលបង្ហាញ និងរាយការណ៍អំពីការព្រួយបារម្ភអំពីការកើនឡើងទៅលើហិង្សាផ្លូវភេទ ហើយបានព្រមានថាកុមារគឺជនងាយរងគ្រោះបំផុត ជាពិសេសនៅក្នុងភាពវឹកវរនេះដែលកំពុងកើតឡើង។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាក្នុងប្រទេសនេះបានធ្វើឱ្យប្រទេសនេះកាន់តែធ្លាក់ជ្រៅដល់ក្នុងវិបត្តិមនុស្សធម៌ ខណៈដែលមុនពេលមានសង្គ្រាមផ្ទុះឡើងប្រជាពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់បានពឹងផ្អែកស្រាប់ហើយទៅលើជំនួយមនុស្សធម៌។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ទឹកប្រាក់ប្រមាណជា ២,៥៦ពាន់លានដុល្លារអាមេរិកនឹងត្រូវការចាំបាច់ភ្លាមៗសម្រាប់ជំនួយមនុស្សធម៌បច្ចុប្បន្នក្នុងប្រទេសស៊ូដង់ ពោលគឺមានការកើនឡើងខ្លាំងពីទំហំទឹកប្រាក់ដែលប៉ាន់ប្រមាណកាលពីឆ្នាំមុនថាមានត្រឹម ១,៧៥ពាន់លានដុល្លារអាមេរិក។ បើតាមការលើកឡើងរបស់លោក Rajasingham ដដែលបានឱ្យដឹងថា ទឹកប្រាក់ពីមូលនិធិទាំងអស់នោះនឹងអនុញ្ញាតឱ្យភ្នាក់ងារផ្តល់ជំនួយទៅដល់មនុស្សជាង ១៨លាននាក់នៃអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសនេះ៕