អ៊ីតាលី៖ បើតាមគេចាំបានកាលពីរយៈពេលជាងមួយខែមុន កៅអីអ្នកចាត់ការរបស់លោក Simone Inzaghi ជាមួយក្លិប Inter Milan ហាក់ពោរពេញទៅដោយភាពចាក់ស្រែះ ពោលគឺស្ទើរតែត្រូវបានក្លិបបណ្ដេញចេញទៅហើយបន្ទាប់ពីក្លិបយក្សអ៊ីតាលីមួយនេះហាក់ធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំង។ យ៉ាងណាមិញ គ្រប់យ៉ាងត្រូវបានកែប្រែស្ទើរតែទាំងស្រុង បន្ទាប់ពីក្លិបបានបង្ហាញភាពលេចធ្លោឡើងវិញក្រោយការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ពោលគឺក្រោយពីក្លិបបានហក់ចូលទៅកាន់តំបន់ Top4 នៃលីគកំពូលសាជាថ្មី រួមជាមួយការឈានដល់វគ្គផ្តាច់ព្រ័ត្រពានធំៗចំនួន ២ក្នុងដៃ។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ជោគវាសនារបស់លោក Inzaghi ហាក់មិនសូវគាប់ប្រសើរឡើយ ពោលគឺបន្ទាប់ពីក្លិបមិនស្គាល់ពាក្យឈ្នះសោះ ៦ប្រកួតជាប់ៗគ្នា ជាពិសេសបរាជ័យបីប្រកួតជាប់គ្នានៅ Serie A បានធ្វើឱ្យ Inter Milan ធ្លាក់ចេញពីចំណាត់ថ្នាក់លេខ ២ ទៅក្រៅតំបន់ Top4 ទៀតផង។
យ៉ាងណាមិញ លទ្ធផល ៣-៣ ក្នុងការប្រកួតទល់នឹង Benfica នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ Champions League និងបានជួយឱ្យ Inter បន្តឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជួបនឹងក្លិបរួមកីឡដ្ឋាន AC Milan ព្រមទាំងបានទម្លាក់ក្លិបនេះក្នុងលទ្ធផលសរុបទាំងពីរជើង ៣-០ ដែលកាន់តែធ្វើឱ្យសម្ពាធរបស់លោក Inzaghi កាន់តែធូរស្រាល បើទោះជាត្រូវប៉ះក្រុមខ្លាំង Man City នៅវគ្គផ្តាច់ព្រ័ត្រយ៉ាងណាក្ដី។
មិនត្រឹមតែប៉ុណ្ណោះ Inter Milan ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រពាន Coppa Italia ផងដែរ ដោយត្រូវជួបជាមួយ Fiorentina នាថ្ងៃទី២៥ ខែឧសភា ពោលគឺសប្តាហ៍ក្រោយនេះ បន្ទាប់ពីបានទម្លាក់ក្រុមខ្លាំង Juventus ដោយលទ្ធផលសរុបទាំងពីរជើង ២-១។
លោក Inzaghi ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌៌មានបាននិយាយថា៖ "នេះវាហាក់បីដូចជាក្ដីសុបិន្តមួយនៅពេលចាប់ផ្តើម ប៉ុន្តែយើងតែងតែមានភាពជឿជាក់ជានិច្ច។ យើងមានការប្រកួតប្រជែងដែលមិនធម្មតាមួយ ដែលយើងយល់ថាវាគឺជាក្ដីស្រមៃដែលទាមទារឱ្យមានការខិតខំខ្លាំង រួមជាមួយការពលីច្រើនដើម្បីសម្រេចបានជោគជ័យ"។ លោកបន្តថា៖ ពិតប្រាកដណាស់! យើងមិនអាចប្រជែងយកជើងឯកលីគបានទេ ប៉ុន្តែយើងនៅមានឱកាសក្នុងនាមជាជើងឯក Champions League រួមជាមួយ Italian Cup។ យើងមានគោលដៅក្នុងការបញ្ចប់ចំណាត់ថ្នាក់ខ្ពស់មួយក្នុងលីគ រួមទាំងការព្យាយាមធ្វើឱ្យបានល្អបំផុតក្នុងពានរង្វាន់ទាំងពីរនេះ"៕