អ្នកនាំពាក្យក្រសួងការបរទេស៖ ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបំភ្លឺថាដំណើរការបោះឆ្នោតគឺប្រកបដោយសេរី ត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយ លើសគណបក្សចូលរួមប្រកួតចំនួន១៨ ផ្សេងទៀតនោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកនាំពាក្យក្រសួងការបរទេសបានធ្វើការបំភ្លឺថា ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ ចំពោះច្បាប់និងបទបញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្តីជូនដំណឹងនានារបស់ គ.ជ.ប ។
លោកបានបំភ្លឺទៀតថា គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្តីចម្លងលិខិតខាងលើព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈរយៈពេលមួយឆ្នាំមុន ហើយដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ។
លោកបានឱ្យដឹងទៀតថា ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារពុំមានឯកសារគ្រប់គ្រាន់ ហើយកង្វះខាតនេះ គួរតែថ្នាក់ដឹកនាំរបស់គណបក្សនយោបាយនោះទទួលខុសត្រូវ ដូចដែលអនុប្រធានមួយរូបនៃគណបក្សនោះបានថ្លែងទទួលស្គាល់រួចហើយ លោកអនុប្រធានគណបក្សរូបនេះក៏បានអះអាងបន្ថែមថា "ការអំពាវនាវឱ្យមានបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.បគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ”។ លោកក៏បានបញ្ជាក់បន្ថែមថា ជាផ្នែកមួយអាចធ្វើការប្តឹងតវ៉ាប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាព សេចក្ដីសម្រេចបច្ចេកទេសរបស់គ.ជ.បទៅក្រុមប្រឹក្សាធម្មនុញ្ញបាន។
អ្នកនាំពាក្យក្រសួងការបរទេសគូសបញ្ជាក់ថា អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោតដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នា យ៉ាងតិចចំនួន១៨៕