ភ្នំពេញ៖ កីឡាករបាល់ទាត់តំណាងជាតិថៃដែលមានប្រជាជនជាង ៧០លាននាក់ បានបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើលនៅពុហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយបានប្រើហិង្សាវាយលើភាគីបាល់ទាត់តំណាងជាតិឥណ្ឌូនេស៊ី និងគប់មេដាយចោលក្រោយប្រកួតចាញ់។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែឧសភា ក្នុងពេលដែលប្រកួតបាល់ទាត់ស៊ីហ្គេមឈានដល់វគ្គផ្ដាច់ព្រ័ត្រយកមេដាយមាសរវាងកីឡាករតំណាងជាតិឥណ្ឌូនេស៊ី តំណាងពលរដ្ឋជាង ២៧០លាននាក់ និងកីឡាករជាតិថៃតំណាងពលរដ្ឋជាង ៧០លាននាក់។
ហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលនោះគឺជម្លោះរវាងកីឡាករថៃ និងឥណ្ឌូនេស៊ីនៅពេលឥណ្ឌូនេស៊ីស៊ុតបញ្ជូលទីគ្រាប់ទី៣នាំមុខថៃបង្កជាអំពើហិង្សារវាងក្រុមទាំងពីររហូតមានសមត្ថកិច្ចចូលទៅឃាត់ថែមទៀត។
គ្រូបង្វឹកកីឡាករឥណ្ឌូនេស៊ីលោក Indra Sjafri បានលើកឡើងអំពើហិង្សានោះបានបង្ករឡើងពីភាគីថៃមុន បន្ទាប់ពីកីឡាករឥណ្ឌូនេស៊ីរត់ទៅអបអរការស៊ុតបញ្ជូលទីមុខកន្លែងគ្រូបង្វឹកថៃ។
លោកថា៖ «ថៃជាអ្នកបង្កភ្លើងមុន។ កីឡាករថៃ បានរត់មកអបអរឌឺដងខាងឥណ្ឌូណេស៊ីនៅពេលពួកគេរកគ្រាប់បាល់តាមស្មើបាននៅ ២-២។ ក្រោយមកនៅពេលឥណ្ឌូណេស៊ី រកបានគ្រាប់បាល់វិញ ក៏ខាងក្រុមខ្ញុំរត់ទៅអបអរមុខខាងថៃវិញ ទើបបង្កជាហិង្សាកើតឡើងតែម្ដង។ ខ្ញុំមិនគាំទ្រ និងមិនពេញចិត្តចំពោះកាយវិការរបស់ក្រុមខ្ញុំឡើយ។ កីឡាគួរតែមានភាពស្រស់ស្អាតជាងនេះ»។
ប្រទេសឥណ្ឌូនេស៊ីបានយកឈ្នះប្រទេសថៃក្នុងលទ្ធផល ៥ទល់នឹង២ ជាមួយនឹងការចាយកាតក្រហម និងកាតលឿងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួតស៊ីហ្គេម។ ដោយប្រើអស់កាតក្រហម៧ និងលឿង១២។
នៅមិនទាន់ចប់ទេចំពោះករណីកីឡាករថៃ ក្រៅពីបង្ករឿងវ៉ៃគ្នាជាកីឡាករឥណ្ឌូនេស៊ីហើយពេលចប់ការប្រកួតកីឡាករតំណាងជាតិថៃលោក Jonathan Khemdee បានគប់មេដាយប្រាក់របស់ខ្លួនចោលដោយថាជាមេដាយដែលបង្កើតឡើងដោយកំហុសរបស់អាជ្ញាកណ្ដាលដូច្នេះលោកមិនចង់បានទេ។ លោកក៏បានបន្ទោសអាជ្ញាកណ្ដាលផងដែរថាដោយសារពួកគេមិនចេះដឹកនាំការប្រកួតទើបកីឡាករវ៉ៃគ្នាបាន។
លោកថា៖ «អាជ្ញាកណ្ដាលមានកំហុសច្រើនណាស់ មិនអាចគ្រប់គ្រងការប្រកួតបានអ៊ីចឹងហើយបានយើងវ៉ៃគ្នា»។
ជ័យជំនះមេដាយមាសផ្នែកបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២៣នេះគឺជាការគ្រងជើងឯកវិញរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីឆ្នាំ១៩៩១។ បើទោះបីជាមានបញ្ហានៅលើទីលានយ៉ាងណាតែកីឡាករបាល់ទាត់ឥណ្ឌូនេស៊ីបានត្រលប់ទៅគេងវិញជាមួយមេដាយមាស និងមានតុក្កតាស៊ីហ្គេមមួយឱបផងដែរ នេះបើតាមការបង្ហោះរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ៕