ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងថាចំពោះជនដែលក្លែងបន្លំត្រារបស់គណៈកម្មាការស៊ីហ្គេម ឬថតចំលងសំបុត្រចូលទស្សនាពិធីបិទស៊ីហ្គេមនឹងត្រូវផ្តន្ទាទោសតាមច្បាប់ដោយអាចជាប់ពន្ធនាគារយ៉ាងតិច ៥ឆ្នាំ។
លោក វ៉ាត់ ចំរើន បញ្ជាក់ដូចនេះក្នុងសន្និសិទ្ធសារព័ត៌មានការត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៃប្រទេសថៃ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រោយមានអ្នកបន្លំថតចំលងត្រា និងលិខិតរដ្ឋបាល ក៏ដូចជាសំបុត្រទស្សនារបស់គណៈកម្មាការស៊ីហ្គេម។
លោកថា៖ «អ្នកក្លែងក្លាយនឹងត្រូវមានទោស តាមច្បាប់នឹងត្រូវមានទោស ៥ឆ្នាំយ៉ាងតិច ក្នុងការក្លែងក្លាយ និងបន្លំនូវលិខិតរដ្ឋបាល»។
លោកក៏បានលើកឡើងដែលថា ចំពោះប្រជាពលរដ្ឋដែលមិនមានប័ណ្ឌចូលទស្សនាពិធីបិទដោយផ្ទាល់អាចទស្សនាតាមទូរទស្សន៍ ឬស្លាយដែលរដ្ឋបាលខេត្ត-ក្រុងបានដាក់បញ្ចាំង និងអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះប្រភពព័ត៌មានមិនផ្លូវការដែលបំពុលសង្គមនាំឱ្យខូចបរិយាកាសនៃដំណើរការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជាកំពុងប្រព្រឹត្តិទៅយ៉ាងរលូន និងខិតជិតដល់ថ្ងៃបញ្ចប់នេះ។
គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងបិទជាផ្លូវការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីពិធីបើកដ៏អស្ចារ្យកាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ៕