លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

មេដឹកនាំបក្ស United Thai Nation ថាលោកប្រាយុទ្ធទំនងនឹងលាឈប់ពីនយោបាយក្រោយបរាជ័យការបោះឆ្នោត

ថៃ៖ មេដឹកនាំរងនៃគណបក្ស United Thai Nation Party លោក Thanakorn Wangboonkongchana បានបញ្ជាក់នៅថ្ងៃចន្ទ ទី១៥ ខែឧសភានេះថា លោកគិតថានាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក Prayut Chan-o-cha នឹងមិនបន្តអាជីពនយោបាយរបស់លោកទៀតទេ បន្ទាប់ពីគណបក្សនយោបាយរបស់លោកបានទទួលនូវបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ។ 

ឈានមកដល់វ័យ ៦៩ឆ្នាំ លោកនាយករដ្ឋមន្រ្តី Prayut បាននិងកំពុងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីអាណត្តិថ្មីដែលជ្រកក្រោមគណបក្ស United Thai Nation Party។ យ៉ាងណាមិញ បើតាមលទ្ធផលបោះឆ្នោតបឋមដែលទទួលបានពីគណៈកម្មាធិការជាតិបោះឆ្នោតរបស់ថៃបានបង្ហាញថា គណបក្សប្រឆាំងចំនួនពីរដែលជាដៃគូប្រកួតប្រជែងដ៏ធំរបស់គណបក្សលោក គឺគណបក្ស Move Forward និងគណបក្ស ភឿថៃ គឺជាគណបក្សនាំមុខកំពូលដ៏ធំចំនួនពីរក្នុងការប្រកួតប្រជែងនេះ។

គណបក្ស Move Forward ដែលមានលោក Pita Limjareonrat ជាបេក្ខភាពនាយករដ្ឋមន្រ្តីបានទទួលសំឡេងគាំទ្រសរុបចំនួន ១៥២អាសនៈ និងតាមពីក្រោយដោយគណបក្សភឿថៃ ដែលមានលោកស្រី Paetongtarn Shinawatra ជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះបានទទួលសំឡេងគាំទ្រលំដាប់លេខ២ មានចំនួន ១៤១អាសនៈ ខណៈគណបក្ស United Thai Nation Party របស់លោក Prayut Chan-o-cha ទទួលបានសំឡេងគាំទ្រត្រឹម ៣៦អាសនៈប៉ុណ្ណោះ ពោលគឺឈរនៅលេខរៀងទី៥។ 

លោក Thanakorn បានសម្តែងការគាំទ្រចំពោះលោកឧត្តមសេនីយ៍ Prayut និងថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ជើងចាស់ចូលនិវត្តន៍រូបនេះ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេលជាងប្រាំបីឆ្នាំកន្លងមកហើយ។ លោក Thanakorn បានថ្លែងថា៖ "គាត់ (លោក Prayut) បានបំពេញការងារស្ទើរពេញមួយជីវិតសម្រាប់ប្រទេសជាតិ ក្នុងនោះការបំពេញតួនាទីជានាយករដ្ឋមន្រ្តីអស់រយៈពេលជាង ៨ឆ្នាំ។ ញុំជឿថាប្រជាជនថៃទូទាំងប្រទេសដឹងថាគាត់បានធ្វើច្រើនសម្រាប់ប្រទេសជាតិ ហើយក៏ពុំធ្លាប់មានរឿងអាស្រូវណាមួយដែរ ជាពិសេសគឺរឿងរ៉ាវពាក់ព័ន្ធនឹងអំពើពុករលួយ។ ខ្ញុំជឿជាក់ថា យ៉ាងហោចណាស់ឈ្មោះឧត្តមសេនីយ៍ Prayut ឬពូ Tu នឹងស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនថៃយូរអង្វែងទៅមុខទៀត"។ 

គួររំឮកថា លោកឧត្តមសេនីយ៍ Prayut បានក្លាយជានាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ២០១៤ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តីស្រ្តី លោកស្រី Yingluck Shinawatra ចេញពីតំណែង។ របបយោធារបស់លោកបានគ្រប់គ្រងប្រទេសថៃអស់រយៈពេលជិត ៥ឆ្នាំ មុនពេលការបោះឆ្នោតសកលមួយត្រូវបានធ្វើឡើងនៅឆ្នាំ២០១៩ ក្រោមរដ្ឋធម្មនុញ្ញថ្មីដែលសរសេរដោយគណៈកម្មាធិការដែលតែងតាំងដោយយោធា។ គួរបញ្ជាក់បន្ថែមថា អំឡុងការបោះឆ្នោតឆ្នាំ២០១៩ លោកឧត្តមសេនីយ Prayut គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់នៃគណបក្ស Palang Pracharat ដែលគាំទ្រដោយរបបយោធា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក