ភ្នំពេញ៖ ប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានថ្លែងថាលោកមានអារម្មណ៍រឹងខ្លួននៅពេលដែលមហាជនចាប់ផ្ដើមហៅងារលោកជា «ឯកឧត្តម»។ លោកសំណូមពរដល់សាធារណជនពេលជួបលោកនៅតាមទីសាធារណមិនបាច់ហៅលោកដោយប្រើងាររបស់លោកទេ។
លោក ព្រាប កុល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ទាប់ពីមានការក្រាបបង្គំថ្វាយស្នើសុំពីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ មុនលោកត្រូវបាននាយករដ្ឋមន្ត្រីបង្គំថ្វាយស្នើសុំព្រះមហាក្សត្រ លោកបានចំណាយពេល ៤ម៉ោងដើម្បីពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះលោក ព្រាប កុល បានលើកឡើងថាក្រោយពីមានជំនួបជាមួយនាយករដ្ឋមន្ត្រីជាង ៤ម៉ោង សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់សេចក្ដីទុកចិត្តនិងចង់ឱ្យលោកជួយក្នុងការរៀបចំការធ្វើកំណែទម្រង់អភិបាលកិច្ច និងទំនាក់ទំនងជាមួយបរទេស។
លោកថា៖ «ក្រោយជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រីជាង ៤ម៉ោងខ្ញុំមានទំនុកចិត្ត និងមានសង្ឃឹមថាសម្ដេចនាយករដ្ឋមន្ត្រីនឹងគាំទ្រខ្ញុំឱ្យខ្ញុំអាចធ្វើកិច្ចការងារនោះឱ្យមានលទ្ធផល និងមានប្រសិទ្ធិភាពហើយសង្ឃឹមថាការរៀបចំធ្វើនឹងចាប់ផ្ដើមក្នុងរដ្ឋាភិបាលថ្មីនៃអាណត្តិក្រោយ»។
លោក ព្រាប កុល បានបញ្ជាក់ថាការចូលរួមជាមួយរដ្ឋាភិបាលនៅពេលនេះគឺមិនពាក់ព័ន្ធនឹងនយោបាយនោះទេគឺជាមន្ត្រីបច្ចេកទេសសុទ្ធសាធ ដែលនឹងជួយរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលក្នុងស្ថាប័នរដ្ឋ។ លោកបញ្ជាក់ថាប្រព័ន្ធដែលលោកជួយរៀបចំនេះនឹងសម្រួលឱ្យប្រព្រឹត្តិទៅរលូននៅពេលមានការផ្លាស់ប្ដូរអ្នកនយោបាយដឹកនាំ។
ការចូលរួមរបស់លោក ព្រាប កុល ក្នុងរដ្ឋាភិបាលនៅពេលនេះស្របពេលដែលនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍មនុស្សគ្រប់ពីនិន្នាការចូលរួមជាមួយរដ្ឋាភិបាល តែលោក ព្រាប កុល ថាលោកចូលរួមមិនមែនដោយសារមានការប្រកាសពីសម្ដេចតេជោនោះទេគឺដោយសារដល់ពេលដែលលោកត្រូវចូលរួម។
លោកថាបន្ទាប់ពីលោកលាឈប់ពីប្រធានអង្គការតម្លាភាពក្នុងឆ្នាំ២០១៩ លោកបានចំណាយពេលដើម្បីប្រកបរបររកស៊ីលុះពេលដែលរបររកស៊ីលោករីកចម្រើនដើរទៅមុខរលូនមានចំណូលគ្រប់គ្រាន់លោកមានជម្រើស២ គឺការចូលនិវត្តន៍ និងការចូលរួមជួយរដ្ឋាភិបាល។
លោកថា៖ «បើយើងអត់មានស្ថានភាពសេដ្ឋកិច្ចសមរម្យ សេដ្ឋកិច្ចគ្រួសារមិនសូវល្អហើយរំពឹងប្រាក់រដ្ឋបានប្រាក់ខែប៉ុន្មាន? បងប្អូនគិតស្រមៃខ្លួនឯងមើល! អ៊ីចឹងហើយទើបមិនមែន២០២០ មិនមែន ២០២១ មិនមែន២០២២ ហើយពេលនេះគឺ២០២៣ ខ្ញុំដឹងថាពេលនេះគឺសមស្របព្រោះអាណត្តិក្រោយមានពេលវេលាគ្រប់គ្រាន់ដើម្បីជួយរដ្ឋាភិបាលធ្វើកំណែទម្រង់បន្ត ហើយនឹងជួយអភិវឌ្ឍន៍ជាតិដើម្បីប្រយោជន៍ប្រជាពលរដ្ឋរបស់យើង»។
ក្រោយដំណឹងលោក ព្រាប កុល ចូលរួមជាមួយរដ្ឋាភិបាលលោកបានក្លាយជាមុខសញ្ញាមួយនៃការវាយប្រហារពីក្រុមប្រឆាំង និងអ្នកគាំទ្រលោកមួយចំនួន ខណៈលោកបានចាត់ទុកថាជាការខកចិត្តព្រោះចង់ឱ្យលោកធ្វើអ្វីដើម្បីបំពេញនិន្នាការរបស់ពួកគេ។
លោក ព្រាប កុល ស្នើឱ្យមានការគោរពការសម្រេចចិត្តរបស់មនុស្សម្នាក់ៗព្រោះនេះជាសិទ្ធិផ្ទាល់ខ្លួន និងជាគោលការណ៍ប្រជាធិបតេយ្យ ជៀសវាងការចោទប្រកាន់លាបព័ណ៌ដែលមិនអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសចាស់ទុំនយោបាយនោះទេ៕