ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិបានចេញញត្តិគាំទ្រចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធលើការចុះបញ្ជីដល់គណបក្សភ្លើងទៀនដោយថា គណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
ក្នុងញត្តិគាំទ្រចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះគណបក្សខ្មែររួបរួមជាតិ បានប្រកាសគាំទ្រទាំងស្រុងសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើការ ចុះឈ្មោះគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ពីព្រោះជាការអនុវត្តន៍ស្តង់ដារតែមួយរបស់ គ.ជ.ប ទៅលើបណ្តាគណបក្សនយោបាយនៅកម្ពុជាទាំងអស់ ដោយស្មើភាព គ្មានការរើសអើង។
គណបក្សនេះក៏អំពាវនាវឲ្យ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការ សេចក្តីសម្រេចរបស់ គជប ស្ដីពីការបដិសេធ ការចុះបញ្ជីគណបក្សនយោបាយភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧។
ជាមួយនឹងការសោកស្តាយ ដែលគណបក្សភ្លើងទៀន មិនបំពេញបែបបទតាមលក្ខខណ្ឌតម្រូវរបស់ គ.ជ.ប ទោះដោយចេតនា ឬអចេតនាក្តី ដែលនាំឲ្យខកខានមិនអាចចុះបញ្ជីឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវដល់សមាជិក និងអ្នកមានសមានចិត្តគាំទ្រ គណបក្សភ្លើងទៀន កុំបន្តធ្វើសកម្មភាពតវ៉ា ឬប្រឆាំង ដោយការតស៊ូមតិតាមសន្តិវិធីក្តី តាមរូបភាពណាក្តី ព្រោះគ្មានទទួលអ្វី ក្រៅពីបង្កការហ្វឹកហ្វរ ប៉ះពាល់សណ្តាប់ធ្នាប់ ប៉ះពាល់សេដ្ឋកិច្ច សង្គម និងនាំឲ្យមានគ្រោះថ្នាក់ និងប្រឈមផ្លូវច្បាប់តែប៉ុណ្ណោះ»។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់។ មានតែគណបក្សភ្លើងទានមួយប៉ុណ្ណោះដែលត្រូវបាន គ.ជ.ប បដិសេធ។
នេះជាការបន្តបដិសេធលើកទី២ បន្ទាប់ពីគណបក្សភ្លើងទៀនបន្តរឹងរូសមិនព្រមធ្វើតាមច្បាប់បោះឆ្នោតដែលតម្រូវឱ្យមានសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់ដេលបញ្ជាក់ចេញពីអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
គណបក្សភ្លើងទៀនបានប្រគល់ឯកសារជាថ្មីមក គ.ជ.ប នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានបដិសេធ។
ទាក់ទិននិងបញ្ហានេះមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ បានធ្វើការស្ដីបន្ទោសថ្នាក់ដឹកនាំគណៈកម្មការនាយកបក្សភ្លើងទៀនថា មិនយល់ពីនីតិវិធីច្បាប់ និងញ៉េរញ៉ៃនៅក្នុងបក្ស បន្ទាប់ពី គ.ជ.ប ច្រានចោលបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។
ថ្លែងជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀនកាលពីថ្ងៃទី១៤ ខែឧសភា លោក សុន ឆ័យ ថានៅក្នុងថ្នាក់ដឹកនាំជាគណៈកម្មការនាយករបស់បក្សភ្លើងទៀនដែលមិនយល់អំពីនីតិវិធីការងារ និងមិនចុះសម្រុងគ្នាក្នុងការអនុវត្តការងាររដ្ឋបាល ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស តាមគោលការណ៍ដែលកំណត់ដោយ គ.ជ.ប ហើយ «ធ្ងន់ធ្ងរជាងនេះទៅទៀតគឺបានបង្កើតឡើងនូវរឿងដែលមិនមែនជារឿងសោះ» ដែលជាការចង់ឱ្យមានការប្រមូលផ្ដុំមនុស្សប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប។
លោកថា៖ «នេះគឺខុសធ្ងន់ធ្ងរណាស់! សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំសោកស្ដាយដែរដែលនាំគ្នាធ្វើដោយអត់មានយកបញ្ញាមកប្រើធ្វើតាមតែកំហក់កំហល់រញ៉េរញ៉ៃ។ យើងជាគណបក្សដឹកនាំមួយដ៏ធំដែលមានការគាំទ្រលំដាប់ទី២ ហើយយើងជាថ្នាក់ដឹកនាំគណបក្សទៅនាំគ្នាគិតគូរពីរឿងដែលមិនមែនជារឿងសោះឱ្យវាទៅជារឿងធ្វើឱ្យបង្កដល់ការរំខានដល់ការងារនៃយើង»។
លោកចាត់ទុកការសេចក្ដីសម្រេចកាលពីថ្ងៃទី១២ របស់គណបក្សភ្លើងទៀនជាការសម្រេចផ្ទុយពីគោលនយោបាយរបស់ខ្លួនឯងដែលសម្រេចដែលជាកំហុសរបស់ខ្លួន៕