
លោក ហ៊ុន ម៉ាណែត៖ កត្តាអ្នកដឹកនាំ និងចូលរួមពីពលរដ្ឋពិតជាអាចសម្រេចសមិទ្ធផលធំៗរបស់សង្គមជាតិកន្លងមក
ក្រចេះ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
លោកបានឱ្យដឹងថា ជាក់ស្តែងជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។
លោកបានបន្ថែមឱ្យដឹងថា ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយជាមោទនភាពជាតិ ក្នុងការដែលអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិ។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវអតីតកាលជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន។
លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី៕