លោក ហ៊ុន ម៉ាណែត៖ សភាពាណិជ្ជកម្មកម្ពុជាជាដៃគូមិនអាចខ្វះបានរបស់រដ្ឋាភិបាលក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យឯកជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។
លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះក្នុងពិធីពិសាអាហារពេលល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកបានឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជាក៏បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការជំរុញឱ្យយន្តការមួយនេះរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យសម្រាប់ការដោះស្រាយបញ្ហាប្រឈម ការលើកស្ទួយសហគមន៍ធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែតបានសម្តែងនូវការអបអរសាទរជូនចំពោះប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងប្រធានសភាពាណិជ្ជកម្មខេត្តទាំងអស់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៣ នេះ ព្រមទាំងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា តាមបណ្តាខេត្ត ព្រមទាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ដែលកន្លងមកបានចូលរួមលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការគាំទ្រសហគមន៍ធុរកិច្ច ការបង្កើតឱកាសនៃទំនាក់ទំនងក្នុងបណ្តាញធុរកិច្ចជាតិ-អន្តរជាតិ ការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងរួមទាំងការតភ្ជាប់មិត្តភាព និងសាមគ្គីភាពរវាងខ្មែរក្នុងស្រុកនិងក្រៅស្រុក។
លោក ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរ និងអំណោយផល តាមរយៈការសម្រួលនីតិវិធីនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង វិនិយោគ និងការទាញយកប្រយោជន៍ឱ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម ព្រមទាំងបន្តពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹងដូចជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង៕