លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

CEO ថ្មីរបស់ Twitter ដាក់ឆន្ទៈកែទម្រង់ និងផ្លាស់ប្តូរមុខមាត់ថ្មីនៃបណ្តាញសង្គមយក្សនេះ

សហរដ្ឋអាមេរិក៖ លោកស្រី Linda Yaccarino ជាបុគ្គលដែលទើបត្រូវបានតែងតាំងជា CEO ថ្មីរបស់ក្រុមហ៊ុន Twitter នៅថ្ងៃសៅរ៍ម្សិលមិញនេះថា នាងត្រូវបានបំផុសគំនិតដោយចក្ខុវិស័យរបស់ម្ចាស់នៃ Twitter គឺលោក Elon Musk ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់មួយ ហើយនាងពិតជាមានអារម្មណ៍រំភើបក្នុងការជួយផ្លាស់ប្តូរវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំមួយនេះ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបង្អស់ដែលលោកស្រី Linda Yaccarino បានបង្ហាញខ្លួន និងនិយាយជាសាធារណៈទាក់ទងនឹងការចូលកាន់តំណែងនៅ Twitter បន្ទាប់ពីព័ត៌មាននានាបានបែកធ្លាយជាបន្តបន្ទាប់ទាក់ទងនឹងការចរចារបស់នាងជាមួយ លោក Elon Musk ក្នុងការមកកាន់តំណែងជា CEO របស់ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកនេះ។ គួរបញ្ជាក់ថា លោក Elon Musk ដែលបានកាន់តំណែងជា CEO Twitter ចាប់តាំងពីខែតុលា ក្រោយការទិញយកក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក បានប្រកាសពីការតែងតាំងតំណែង CEO ថ្មីកាលពីថ្ងៃសុក្រ។​

មុនមកកាន់តំណែងនេះ លោកស្រី Yaccarino គឺជាប្រធានផ្នែកផ្សាយពាណិជ្ជកម្មនៃក្រុមហ៊ុន NBCUniversal របស់ Comcast Corp បានចំណាយពេលជាច្រើនឆ្នាំដើម្បីធ្វើទំនើបកម្មលើការងារនេះ ហើយលោកស្រីបាននិយាយថានាងនឹងប្តេជ្ញាចិត្តចំពោះអនាគតរបស់ Twitter ហើយបាននិយាយថាមតិអ្នកប្រើប្រាស់បណ្ដាញសង្គមនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើត Twitter 2.0។ ស្រ្តីវ័យ ៥៩ឆ្នាំខាងលើនឹងមកកាន់កាប់លើការដឹកនាំបណ្ដាញសង្គម Twitter ស្របពេលដែលបណ្តាញសង្គមនេះកំពុងមានបញ្ហាធ្លាក់ចុះនូវប្រាក់ចំណូល ព្រមទាំងបញ្ហាប្រឈមក៏ដូចជាបំណុលជាច្រើនផ្សេងទៀត។ 

គួរឱ្យដឹងបន្ថែមដែរថា បន្ទាប់ពីលោក Elon Musk បានកាន់កាប់ Twitter ១០០ភាគរយ អ្នកផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមនេះបានដកខ្លួនចេញជាបន្តបន្ទាប់ដោយបារម្ភថាការផ្សាយពាណិជ្ជកម្មរបស់ពួកគេអាចលេចឡើងនៅជាប់នឹងមាតិកាមិនសមរម្ យបន្ទាប់ពីក្រុមហ៊ុននេះបានបញ្ចប់ការងារបុគ្គលិករបស់ខ្លួនជិត ៨០ភាគរយ។ លោក Musk ខ្លួនឯងផ្ទាល់ក៏បានទទួលស្គាល់ផងដែរនៅដើមឆ្នាំ២០២៣នេះ ថា Twitter ពិតជាមានបញ្ហាធ្លាក់ចុះយ៉ាងខ្លាំងនូវចំណូលរបស់ខ្លួនពីការផ្សាយពាណិជ្ជកម្ម។

លោក Elon Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ផងដែរនោះបានលើកឡើងថា ការនាំយកលោកស្រី Linda Yaccarino ជា CEO ថ្មីរបស់ក្រុមហ៊ុន Twitter នេះ នឹងធ្វើឱ្យលោកមានពេលវេលាច្រើនបន្ថែមទៀតដើម្បីផ្តោតទៅលើក្រុមហ៊ុន Tesla៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក