អង់គ្លេស៖ ក្លិបបាល់ទាត់ Southampton ត្រូវក្លាយជាក្លិបដែលកាត់ចេញពីក្របខណ្ឌ Premier League មុនគេនារដូវកាលនេះ ក្រោយពីបន្តចាញ់ Fulham ដោយលទ្ធផល ២-០ ក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញនេះ ដែលជាការបិទបញ្ចប់រជ្ជកាលនៃការប្រកួតប្រជែងក្នុងក្របខណ្ឌកំពូលរបស់ Southampton រយៈពេល ១១ឆ្នាំ។
បរាជ័យយប់មិញនេះមានន័យថា Southampton ដែលត្រូវការជ័យជម្នះជាចាំបាច់ដើម្បីបន្តក្តីសង្ឃឹមគេចផុតពីតំបន់កាត់ចោល ត្រូវបានធ្លាក់ចេញពីក្របខណ្ឌ Premier League ជាផ្លូវការ ដោយមានគម្លាត ៨ពិន្ទុពីក្រុមលេខ ១៧ Everton ពោលគឺក្រុមរបស់លោក Ruben Selles មានត្រឹម២៤ពិន្ទុប៉ុណ្ណោះក្រោយឆ្លងកាត់ ៣៦ប្រកួត ខណៈ Everton ឈរនៅចំណាត់ថ្នាក់លេខ ១៧ មាន៣២ពិន្ទុ ក្រោយឆ្លងកាត់ ៣៥ប្រកួត ខណៈ Fulham ដែលឈ្នះ Southampton រំកិលខ្លួនឡើងទៅកាន់ចំណាត់ថ្នាក់លេខ ៩។
ក្នុងការប្រកួតនេះ Southampton បានព្យាយាមស្វែងរកជ័យជម្នះរបស់ខ្លួនដែរ ប៉ុន្តែមិនអាចធ្វើអ្វី Fulham បានឡើយ ដោយ Fulham បានព្យាយាមក្នុងការរកគ្រាប់បាន និងធ្វើបានសម្រេចដោយកីឡាករ Carlos Vinicius នៅនាទីទី៤៨ និងAleksandar Mitrovic ដែលទើបតែបង្ហាញខ្លួនឡើងវិញក្រោយរងបំរាមចំនួន ៨ប្រកួត បានបន្ថែមគ្រាប់ទី២ឱ្យ Fulham រកបានជ័យជម្នះនៅនាទីទី៧២។
ក្រោយសំឡេងកញ្ចែបន្លឺឡើងជាផ្លូវការ កីឡាករ និងអ្នកគាំទ្រទាំងអស់បានសម្តែងនូវការសោកស្តាយចំពោះការកាត់ចេញទៅកាន់ក្របខណ្ឌ Championship សម្រាប់រដូវកាលក្រោយ ខណៈការប្រកួតនេះក៏មានការចូលរួមទស្សនាផ្ទាល់ដោយលោកនាយករដ្ឋមន្រ្តី Rishi Sunak ដែលជាអ្នកកើតនៅក្នុងតំបន់ Southampton នេះផ្ទាល់ផងដែរ។ Southampton គឺជាក្លិបដំបូងដែលត្រូវកាត់ចេញ ខណៈ Leicester City និង Leeds United កំពុងស្រវេស្រវាគេចចេញពីតំបន់កាត់ចោលដូចគ្នា៕