
CAMSOC ណែនាំឱ្យរក្សាសណ្តាប់ធ្នាប់ និង បម្រាមមួយចំនួនក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចេញសេចក្ដីណែនាំស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
សេចក្តីណែនាំរបស់CAMSOCចេញនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថានឹងរៀបចំពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើសាធារណជនជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន និង ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធាន។
ចំពោះក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗអ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ
ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ។
ក្នុងការចូលរួមពិធីបិទនេះដែរគឺអនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh
សេចក្តីណែនាំដដែលបញ្ជាក់ថា មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី និង ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃចូលក្នុងពិធី។ ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី
ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា៕