អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ | ក្រសួងកសិកម្មចិនព្យាករណ៍អំពីការប្រមូលផលធញ្ញជាតិកើនឡើងដល់ ៧ពាន់លានតោនក្នុងឆ្នាំ២០២៤ | រដ្ឋាភិបាលជប៉ុនអះអាងថា វត្តមានទាហ៊ានកូរ៉េខាងជើងលើទឹកដីរុស្សីគឺជា "ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ" | នាយករដ្ឋមន្ត្រីប្ដេជ្ញាធ្វើឲ្យសិស្សទាំងអស់អង្គុយរៀននៅសាលាល្អ និងមេរៀនទំនើប | Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេស ២៤ម៉ោង ក្នុងឱកាសទិវាអ្នកនៅលីវដែលអ្នកដំណើរអាចសន្សំប្រាក់បានជាច្រើននៅគ្រប់ផ្លូវហោះហើរទាំងអស់ |

លោក ហ៊ុន ម៉ាណែត៖ អាហារូបករណ៍ ដែលសម្តេចតេជោ ផ្តល់ដល់សិស្ស-និស្សិត ជាការរំដោះឱ្យរួចចាកផុតពីភាពអវិជ្ជា

បាត់ដំបង៖ ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត លើកឡើងថា អាហារូបករណ៍ដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំ។

លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

លោកបានថ្លែងប្រាប់សិស្ស-និស្សិតនូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា ដោយធៀបទៅនឹងការលំបាកខ្វះខាតដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាល និងបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ដែលតែងគិតគូរជានិច្ចលើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំជាវិស័យអាទិភាពខ្ពស់បំផុត។

លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមាន៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) សាកលវិទ្យាល័យអន្តរជាតិឌូវី (DI) ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ (SBUBB) វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) សាកលវិទ្យាល័យជាតិមានជ័យ (NMU) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។

ប្រធានសមាគមរូបនេះគូសបញ្ជាក់ថា កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់តបទៅនឹងបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់សម្តេចទាំងទ្វេរក្នុងការរំដោះសិស្ស-និស្សិតខ្វះលទ្ធភាព ឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំនៅក្នុងជីវិត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក