
រដ្ឋមន្ត្រីសុខាភិបាលសម្រេចបិទមន្ទីរពេទ្យឯកជនចំនួន៣ ដោយសារពុំមានវេជ្ជបណ្ឌិតឈរឈ្មោះជា អ្នកទទួលខុសត្រូវ
ភ្នំពេញ ÷ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានសម្រេចបិទមន្ទីរពេទ្យឯកជនចំនួន៣ ដែលរួមមាន មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្ដីសង្ឃឹម មន្ទីរសម្រាកព្យាបាលមិត្តភាពពោធិ៍ចិនតុង និងមន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកឡើងក្នុងលិខិតចំនួន៣ កាលពីថ្ងៃទី១២ ខែឧសភា ថាមន្ទីរសម្រាប់ព្យាបាលទាំងបីនេះពុំមានវេជ្ជបណ្ឌិតឈរឈ្មោះជាអ្នកទទួលខុសត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើររបាយការណ៍អំពីសកម្មភាពព្យាបាល អ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/១១០០/១០ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០០ និងប្រកាសលេខ ០៣៤ អបស,មព ចុះថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល ព្រមទាំងកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរសំរាកព្យាបាល។
លោករដ្ឋមន្ត្រីក៏បានបញ្ជាដល់មន្ត្រីក្រោមឱវាទឲ្យអនុវត្តនូវក្ដីសម្រេចនេះផងដែរ៕