ភ្នំពេញ៖ សិស្សសាលា Golden Gate American បានត្រលប់មកដល់កម្ពុជាវិញនៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ជាមួយមេដាយមាសកំពូលទាំង៣ ពីការប្រកួតកម្រិតពិភពលោក Pangea Math World។
ទេព សុវណ្ណពីសី ទទួលបានមេដាយមាសចំណាត់ថ្នាក់លេខ១ ភួង បញ្ញាឫទិ្ធ ទទួលបានមេដាយមាស ចំណាត់ថ្នាក់លេខ២ និង ដា នុរាជ ទទួលបានមេដាយមាសចំណាត់ថ្នាក់លេខ៣ ។
យុវតី ទេព សុវណ្ណពីសី បានប្រាប់ EAC News បន្ទាប់ពីឈានជើងចូលដល់ដីកម្ពុជាវិញថាមានអារម្មណ៍រំភើបជាខ្លាំងដែលបានទទួលមេដាយមាសគណិតវិទ្យាកម្រិតពិភពលោកបែបនេះ។ ពិសីបានឱ្យដឹងថាការប្រកួតមានការលំបាកមួយចំនួនព្រោះត្រូវឆ្លងកាត់២ដំណាក់កាល ហើយដំណាក់កាលចុងក្រោយគឺសុទ្ធតែជាសិស្សខ្លាំងពីបណ្ដាប្រទេសនានា។
ពិសីបានលើកឡើងថា៖ «ខ្ញុំពិតជារំភើបណាស់ ខ្ញុំបានស្រក់ទឹកភ្នែកខ្លះៗក្នុងពេលប្រកាsលទ្ធផល។ ខ្ញុំមិនរំពឹងច្រើនទេ ដែលខ្ញុំបានធ្វើវា»។
សិស្សថ្នាក់ទី១១ នៃសាលា Golden Gate American School យុវសិស្ស ភួង បញ្ញាឫទិ្ធ ក៏បានប្រាប់ EAC News ផងដែរថានេះជាលើកទីមួយរបស់លោកដែលទទួលបានលទ្ធផលបែបនេះពីការប្រកួតអន្តរជាតិ ដែលធ្វើឱ្យលោកមានមោទនភាពជាខ្លាំង។
បញ្ញឬទ្ធិ៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាព និងកិត្តិយសសម្រាប់ខ្លួនខ្ញុំ និងប្រទេសជាតិ»។
យុវសិស្ស ដា នុរាជ ថាគណិតវិទ្យាគឺជាមុខវិជ្ជាដែលគាត់ចូលចិត្តហើយថាការទៅចូលរួមការប្រកួតប្រជែង Pangen Math World នេះគឺជាឱកាសដ៏ល្អមួយក្នុងការស្វែងយល់បន្ថែមពីពិភពលោក ជាពិសេសធ្វើឱ្យគេយល់បានកាន់តែច្រើនពីគណិតវិទ្យា។ នុរាជ មានការពេញចិត្តចំពោះលទ្ធផលដែលទទួលបាននិងធ្វើយ៉ាងបង្កើនការខិតខំបន្ថែមទៀតប្រសិនជាមានការប្រកួតលើកក្រោយ។
នុរាជ៖ «ខ្ញុំពិតជាពេញចិត្តនឹងលទ្ធផលរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានបំណងធ្វើឱ្យកាន់តែប្រសើរឡើង ប្រសិនបើខ្ញុំចូលរួមការប្រកួតបន្ទាប់ ហើយខ្ញុំសង្ឃឹមថានឹងកែលម្អខ្លួនឯង និងទទួលបានលទ្ធផលកាន់តែប្រសើរ»។
សាលាហ្គោលឌិនហ្គេតបានបញ្ជូនសិស្សចំនួន ១៨នាក់ទៅប្រកួតគណិតវិទ្យានៅប្រទេសអាល្លឺម៉ងលើកនេះជាលទ្ធផលគឺពួកគេសុទ្ធតែទទួលបានមេដាយត្រលប់មកកម្ពុជាវិញ។ ៤នាក់ទទួលមេដាយមាស ៤នាក់ទទួលមេដាយប្រាក់ និង ១០នាក់ទទួលមេដាយសំរិទ្ធ។
លោកគ្រូ Ruan Boyens បានបង្ហាញអារម្មណ៍រីករាយដែលសិស្សទាំងអស់ត្រលប់មកវិញជាមួយមេដាយទាំងអស់គ្នា។
លោកថា៖ «យើងមានអារម្មណ៍រំភើបខ្លាំងណាស់ ជាក់ស្តែងវាជាលើកទីមួយដែលបានទៅប្រទេសអាឡឺម៉ង់ ហើយយើងក៏សប្បាយចិត្តផងដែរដែលសិស្សគ្រប់រូបទទួលបានមេដាយ ក៏ដូចជាម្ចាស់ជ័យលាភីលើវិញ្ញាសាទទួលបានមេដាយមាស និងប្រាក់ យើងសង្ឃឹមថាឆ្នាំក្រោយនឹងមានលទ្ធផលដូចគ្នា ប៉ុន្តែពួកយើង រីករាយនឹងអ្វីដែលពួកគេសម្រេចបាននៅឆ្នាំនេះ»។
Pangea Math World គឺជាការប្រកួតប្រជែងដ៏សប្បាយរីករាយមួយសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ជាមួយនឹងបាវចនា "គណិតវិទ្យាតភ្ជាប់" Pangea Math World នាំសិស្សានុសិស្សនៃតំបន់ភូមិសាស្រ្តផ្សេងៗគ្នា សង្គម និងប្រវត្តិអប់រំ ដែលចាប់អារម្មណ៍លើគណិតវិទ្យា និងមានទេពកោសល្យសម្រាប់វាជាមួយគ្នា ដើម្បីលើកទឹកចិត្តពួកគេ និងចែករំលែកបទពិសោធន៍ និងភាពសប្បាយរីករាយរបស់ពួកគេជាមួយកុមារដទៃទៀត។ អ្នកដែលទទួលមេដាយមាសលំដាប់ទី១ ទទួលបានមេដាយ និងរ៉ូប៊ូតមួយគ្រឿងជារង្វាន់នៃការការប្រកួតនេះ។
ម្ដាយរបស់យុវតី ទេព សុវណ្ណពីសី គឺលោកស្រី ចាត សូរស្មី បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលកូនស្រីទទួលមានមេដាយមាសលំដាប់ថ្នាក់លេខ១ ពីការប្រកួតអន្តរជាតិនេះ។ លោកស្រីថាមេដាយនេះគឺមិនមែនស្រាប់តែកូនស្រីរបស់លោកស្រីម្នាក់ទេ តែសម្រាប់ក្រុមគ្រួសារ និងប្រទេសកម្ពុជាផងដែរ។
លោកស្រីថា៖ «បង្ហាញឱ្យឃើញថាកូនខ្មែរអាចធ្វើបាន កូនខ្មែរពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាញឆាកអន្តរជាតិឱ្យទទួលស្គាល់ថាខ្មែរអាចធ្វើបាន ខ្មែរអាចយកជ័យជម្នះលើជនបរទេសបានផងដែរ ហើយនេះជាមោទនភាពជាតិរបស់ខ្មែរ»។
លោកស្រីទុកចិត្តលើការអប់រំនៅសាលា Golden Gate American និងយល់ថាសាលានេះបានបង្កើតការអប់រំមួយ ជាមួយវិន័យដែលល្អសម្រាប់សិស្ស មានទំនាក់ទំនងល្អមិនត្រឹមតែជាមួយសិស្សនោះទេ តែសាលាក៏មានទំនាក់ទំនងល្អជាមួយឪពុកម្ដាយ និងជំរុញលើកទឹកចិត្តសិស្សទៅកាន់ឆាកអន្តរជាតិផងដែរ៕