កាតា៖ កាតា ដែលជាក្រុមការពារតំណែងជើងឯក និងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Asian Cup ២០២៣ ស្ថិតនៅក្នុងពូល A ជាមួយចិន តាជីគីស្ថាន និងលីបង់ នៃព្រឹត្តិការណ៍ AFC Asian Cup ដែលគ្រោងនឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៤ខាងមុខ ក្រោយពីការចាប់ឆ្នោតបានធ្វើឡើងរួចរាល់ នៅទីក្រុងដូហា ប្រទេសកាតា។
កាតា ដែលឈ្នះពាន AFC Asian Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តខ្លួននៅលើទឹកដីអារ៉ាប់រួមកាលពីឆ្នាំ២០១៩ នឹងចាប់ផ្តើមយុទ្ធនាការការពារជើងឯករបស់ខ្លួននៅថ្ងៃទី១២ ខែមករា ទល់នឹងលីបង់ដែលជាការប្រកួតបើកឆាកនៅក្នុង Group A។
គ្រូបង្វឹកក្រុមជម្រើសជាតិកាតា លោក Carlos Queiroz និយាយថា៖ "ជារឿងសំខាន់បំផុតគឺការលេងឱ្យបានល្អ ហើយប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងនាំយកមកនូវមោទកភាព និងកិត្តិយសជូនប្រទេសជាតិ។ បាល់ទាត់តែងតែអភិវឌ្ឍន៍ពីមួយជំហាន ទៅមួយជំហាន ពីមួយប្រកួតទៅមួយប្រកួត ដែលប្រកួតបន្ទាប់ជាមួយលីបង់គឺជាអ្វីដែលយើងរាប់ថាជាការសំខាន់នៅពេលនេះ។ នៅពេលដែលការប្រកួតចាប់ផ្តើម វាជាពេលវេលារួមគ្នាជាក្រុមមួយ គ្រួសារតែមួយ បេសកកម្មតែមួយ និងគោលដៅតែមួយ"។
ដោយឡែក ក្រុមជម្រើសជាតិជប៉ុនជាម្ចាស់ជើងឯក ៤សម័យកាល ព្រមទាំងជាជើងឯករងកាលពីឆ្នាំ២០១៩ ស្ថិតនៅក្នុងពូល D ជាមួយក្រុមឥណ្ឌូណេស៊ី, អ៉ីរ៉ាក់ និងវៀតណាមដែលបច្ចុប្បន្នកំពុងដឹកនាំដោយលោក Philippe Troussier ដែលធ្លាប់ដឹកនាំជប៉ុនឈ្នះពាន AFC Asian Cup កាលពីឆ្នាំ២០០០ និងពាន AFC Confederation Cup ឆ្នាំ២០០១។
ព្រឹត្តិការណ៍ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC Asian Cup ២០២៣ ដែលដំបូងឡើងគ្រោងនឹងធ្វើឡើងនៅខែមិថុនា និងខែកក្កដាឆ្នាំនេះ បានផ្លាស់ទៅធ្វើឡើងនៅថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈវិញ ព្រមទាំងបានផ្លាស់ប្តូរការប្រកួតពីប្រទេសចិន មកកាន់ប្រទេសកាតាវិញផងដែរ ដោយសារកន្លងមកចិននៅតែបន្តតឹងរ៉ឹងជាមួយវិធានការបង្ការកូវីដ-១៩។
លទ្ធផលជាផ្លូវការនៃការចាប់ឆ្នោតបែងចែកពូលពាន AFC Asian Cup ឆ្នាំ២០២៣ រួមមាន៖
ពូល A៖ កាតា, ចិន, តាជីគីស្ថាន និងលីបង់។
ពូល B៖ អូស្រ្តាលី, អ៊ូបេគីស្ថាន, ស៊ីរី និងឥណ្ឌា។
ពូល C៖ អ៉ីរ៉ង់, អារ៉ាប់រួម (អារ៉ាប់អេមីរ៉ាត់), ហុងកុង និងប៉ាលេស្ទីន។
ពូល D៖ ជប៉ុន, ឥណ្ឌូណេស៊ី, អ៉ីរ៉ាក់ និងវៀតណាម។
ពូល E៖ កូរ៉េខាងត្បូង, ម៉ាឡេស៊ី, ហ្សកដានី និងបារ៉ែន។
ពូល F៖ អារ៉ាប៊ីសាអូឌីត, ថៃ, គៀជីស្ថាន និងអូម៉ង់៕