អាណាព្យាបាលកីឡាករទូកក្ដោងថៃអរគុណកម្ពុជា ចំពោះការយកចិត្តទុកដាក់ខ្ពស់លើអត្តពលិកគ្រប់បណ្ដាប្រទេស
ព្រះសីហនុ៖ អាណាព្យាបាលកីឡាករទូកក្ដោងជម្រើសជាតិថៃម្នាក់ បានអរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានរៀបចំយ៉ាងល្អ ទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក ក៏ដូចជាការយកចិត្តទុកដាក់គ្រប់បែបយ៉ាង ចំពោះអត្តពលិកគ្រប់បណ្ដាប្រទេស កំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
យោងតាមគណនីឈ្មោះ Khemjira Love Poom ដែលគេស្គាល់ជាអាណាព្យាបាលរបស់កីឡាករ Thanapat Siricharoen ម្ចាស់មេដាយប្រាក់កីឡាទូកក្ដោង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានរៀបរាប់លើបណ្ដាញសង្គមរបស់ខ្លួន ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការទទួលស្វាគមន៍របស់ម្ចាស់ផ្ទះកម្ពុជា ដែលធ្វើឲ្យកីឡាករ-កីឡាការិនីទាំងអស់ មកប្រកួតស៊ីហ្គេម ទទួលបាននូវភាពកក់ក្ដៅ ហើយក៏ធ្វើឲ្យអាណាព្យាបាលពួកគេ គ្មានក្ដីបារម្ភផងដែរ។
លោកស្រីបញ្ជាក់ថា ទាំងកន្លែងស្នាក់នៅ និងហូបចុក គឺនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ នៅជាប់មាត់សមុទ្រ ជាមួយអាហារឆ្ងាញ់ ហើយក្រុមការងាររៀបចំ ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងលើពួកគេ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រុមកងទ័ពជើងទឹកប្រចាំនៅខេត្តព្រះសីហនុ ថែមទាំងរៀបចំនូវនាវាដឹកអាណាព្យាបាលទាំងអស់ទៅទស្សនា និងគាំទ្រកូនៗដោយផ្ទាល់ទៀតផង។
លោកស្រីបានសម្ដែងនូវការអរគុណម្ចាស់ផ្ទះកម្ពុជាថា «រយៈពេល ៥ថ្ងៃ នៃការស្នាក់នៅកម្ពុជា នាខេត្តព្រះសីហនុ គឺពិតជាទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្លាំងពីម្ចាស់ផ្ទះ និងសូមអរគុណដ៏ស្មោះអស់ពីដួងចិត្ដ»។
គួរឱ្យដឹងដែរថា កីឡាទូកក្ដោង បានដំណើរការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២-៨ ខែឧសភា នៅទីលានតេជោ នាខេត្តព្រះសីហនុ។ ក្រោយឆ្លងកាត់ការប្រកួតលើ ៩វិញ្ញាសា គឺក្រុមអត្តពលិកថៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស៤ ប្រាក់២ និងសំរឹទ្ធ១) សិង្ហបុរី ឈ្នះមេដាយសរុប ៧គ្រឿង (មាស៣ និងប្រាក់៣) ម៉ាឡេស៊ី ឈ្នះមេដាយសរុប ៧គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ៤) ហ្វីលីពីន ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់១ និងសំរឹទ្ធ៣) និងកម្ពុជា ឈ្នះមេដាយសរំរឹទ្ធ ១គ្រឿង៕