ភ្នំពេញ៖ កីឡាករកម្ពុជា លោក Woo Dong Hoon ដែលស្គាល់ថាជាគ្រូបង្វឹករបស់កីឡាការិនី ស្រួង ភាវី បានទទួលមេដាយសំរិទ្ធិក្នុងប្រភេទកីឡាប៊ីយ៉ា នៃវិញ្ញាសាការ៉ុម ៣បាំង ក្រោយចាញ់កីឡាករវៀតណាម Tran Thanh Tu Nguyen ក្នុងការប្រកូតវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនសែនសុខក្នុងលទ្ធផល៤០ ទល់១៨។
កីឡាករ Woo Dong Hoon បានយកឈ្នះស្តេចស្នូកឃ័រហ្វីលីពីន លោក Efren Reyes លើវិញ្ញាសាការ៉ុម៣បាំងក្នុងលទ្ធផល ៤០ទល់នឹង១៥ ដែលប្រកួតនៅផ្សារទំនើបអ៊ីអនសែនសុខកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
លោក Woo Dong Hoon ដែលតំណាងកីឡាករកម្ពុជាបានយកឈ្នះស្តេចស្នូកឃ័រហ្វីលីពីន បន្ទាប់ពីកូនក្រុម កីឡាការិនី ស្រួង ភាវី ដណ្តើមបានមេដាយមាសលើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ នៃវិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម (៣បាំង) ក្រោយយកឈ្នះគូប្រកួតកីឡាការិនីវៀតណាម Hong Yen Nhi Nguyen ក្នុងលទ្ធផល ២៥-២០ កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា គិតត្រឹមម៉ោង៣ថ្ងៃនេះ វៀតណាមឈរលំដាប់ថ្នាក់លេខ១ ដែលទទួលបានមេដាយច្រើនជាងគេគឺ ១៦២មេដាយ ដោយមេដាយមាសមានរហូតដល់ ៥០មេដាយមាស។ បន្ទាប់មកគឺប្រទេសថៃដែលទទួលបានមេដាយសរុបចំនួន១៣៨ ដោយមេដាយមាសមាន៥០ ចំណែកកម្ពុជាឈរលំដាប់ថ្នាក់ទី៣ ដែលទទួលបានមេដាយសរុបចំនួន១៣៧ ដោយមេដាយមាសមាន ៤៧៕