អាមេរិក៖ ទីបំផុត ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប CONCACAF Gold Cup ២០២១ បានរកឃើញបេក្ខភាពទៅកាន់វគ្គផ្តាច់ព្រ័ត្រជាផ្លូវការហើយ ពោលគឺក្រុមម្ចាស់ផ្ទះអាមេរិក ប្រកួតជាមួយម្ចាស់ជើងឯកចាស់ឆ្នាំ ២០១៩ ជម្រើសជាតិម៉ិកស៊ិក។
អាមេរិកដែលជាម្ចាស់ផ្ទះពាន CONCACAF ឆ្នាំ២០២១នេះ បានទម្លាក់ក្រុមភ្ញៀវកិត្តិយសកាតា ក្នុងលទ្ធផល ១-០ ដោយកីឡាករ Gyasi Zardes នាកីឡដ្ឋាន Austin រដ្ឋតិចសាស់ ខណៈក្រុមការពារតំណែងជើងឯកម៉ិកស៊ិក ទម្លាក់កាណាដា ដោយលទ្ធផល ២-១ ពីគ្រាប់បាល់របស់កីឡាករ Orbelin Pineda និងខ្សែបម្រើ Héctor Herrera របស់ Athletico Madrid ហើយកាណាដាតបបានមួយគ្រាប់វិញពីកីឡាករ Tajon Buchanan។
អាមេរិកដែលជាក្រុមម្ចាស់ផ្ទះ ធ្លាប់ឈ្នះជើងឯកពាន CONCACAF នេះចំនួន ៦សម័យដោយឈ្នះលើកចុងក្រោយនៅឆ្នាំ២០១៧ ខណៈម៉ិកស៊ិកដែលជាក្រុមការពារជើងឯកឆ្នាំ២០១៩ គឺជាក្រុមដែលជោគជ័យបំផុតក្នុងពាននេះ ដោយធ្លាប់គ្រងជើងឯក ១១សម័យកាល។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ CONCACAF Gold Cup ២០២១ រវាងអាមេរិក និងម៉ិកស៊ិក នឹងត្រូវធ្វើឡើងនាថ្ងៃទី០១ ខែសីហាខាងមុខនេះ នាកីឡដ្ឋាន Allegiant រដ្ឋ Nevada សហរដ្ឋអាមេរិក៕