សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើការរៀបចំទទួលស្វាគមន៍វត្តមានទស្សនកិច្ចផ្លូវរដ្ឋពីសំណាក់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នាខែមិថុនាខាងមុខនេះ ខណៈដែលរដ្ឋាភិបាលអាមេរិកបានចាត់ទុកថាឥណ្ឌាគឺជាកម្លាំងធំមួយប្រឆាំងនឹងប្រទេសចិន។
សេតវិមានអាមេរិកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនឹងជំរុញការប្តេជ្ញាចិត្តរួមគ្នារបស់សហរដ្ឋអាមេរិក និងឥណ្ឌា ចំពោះបញ្ហាប្រឈមនៅឥណ្ឌូប៉ាស៊ីហ្វិក។ គួរឱ្យដឹងថា ការអញ្ជើញនាយករដ្ឋមន្រ្តីឥណ្ឌានេះបានធ្វើឡើង បើទោះបីជាមានការកើនឡើងនូវការព្រួយបារម្ភអំពីសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ក្រោមការដឹកនាំជាតិនិយមហិណ្ឌូរបស់ លោក Modi នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនាពេលបច្ចុប្បន្ននេះក៏ដោយ។
កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមស្វែងរកនូវទំនាក់ទំនងការទូតជាយូរមកហើយជាមួយប្រទេសឥណ្ឌា ដែលជាប្រទេសយក្សនៅអាស៊ីមួយមាននិន្នាការប្រឆាំងទៅនឹងប្រទេសចិន ខណៈដែលរដ្ឋាភិបាលឥណ្ឌាខ្លួនឯងផ្ទាល់វិញក៏បានព្យាយាមស្វែងរកទំនាក់ទំនងជាមួយអាមេរិកដូចគ្នាជុំវិញការព្រួយបារម្ភលើការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទរបស់ចិន ជាមួយប្រទេសក្បែររបងរបស់ឥណ្ឌា។ យ៉ាងណាមិញ បញ្ហាសំខាន់នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងអាមេរិក ហាក់មានឧបសគ្គត្រង់ការគាំទ្រទៅលើរុស្សី ត្បិតកន្លងមកឥណ្ឌា ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរលង់របស់រុស្ស៊ី បានអំពាវនាវឱ្យបញ្ចប់អរិភាព ប៉ុន្តែមិនដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនឡើយ។
គួរបញ្ជាក់ថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក Modi ទៅកាន់សហរដ្ឋអាមេរិក។ លោក Modi ធ្លាប់បានទៅជួបសួរសុខទុក្ខលោក Biden នៅឯសេតវិមានកាលពីឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល Quad ដែលជាកិច្ចប្រជុំប្រមូលផ្តុំរបស់សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា។ យ៉ាងណាក្តី នៅក្នុងដំណើរទស្សនកិច្ចនេះនឹងក្លាយទៅជាពិធីការទូតដ៏ខ្ពងខ្ពស់បំផុតនៃរដ្ឋទាំងពីរ ដែលនឹងមានពិធីជប់លៀងលាងសាយភោជន៍ពេលល្ងាចសម្រាប់មេដឹកនាំទាំងពីររូបទៀតផង។
ទីក្រុង New Delhi បានស្វាគមន៍ដំណើរទស្សនកិច្ចនេះថាជា "ប្រវត្តិសាស្ត្រ" ហើយបានសាទរចំពោះឱកាសក្នុងការកសាងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន និងពិភាក្សាអំពីឱកាសដើម្បីពង្រីក និងពង្រឹងការភ្ជាប់ទំនាក់ទំនង Quad៕